បរទេស៖ ក្លិប Paris St Germain បានចុះហត្ថលេខាជាមួយនឹងខ្សែការពារជើងចាស់របស់អេស្ប៉ាញ Sergio Ramos ដោយគ្មានតម្លៃខ្លួន ក្រោយពីរូបគេបានចាកចេញពីក្លិប Real Madrid របស់ក្របខ័ណ្ឌ La Liga។
នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌបារាំ Ligue 1 មួយនេះ កាលពីថ្ងៃព្រហស្បតិ៍។ Romos បានចាកចេញពីក្លិប Real កាលពីខែមុន ក្រោយពីមិនអាចឈានដល់ការព្រមព្រៀងគ្នាមួយ ដើម្បីបន្តនៅឲ្យបានយូរជាង១៦ឆ្នាំ ក្នុងរដ្ឋធានីរបស់អេស្ប៉ាញ។ រូបគេបានជួយឲ្យ Real ឈ្នះពានក្របខ័ណ្ឌ Champions League ៤លើក និងពាន La Liga ៥លើក។ ខ្សែការពារវ័យ៣៥ឆ្នាំ ដែលបានចុះកិច្ចសន្យារយៈពេល២ឆ្នាំនោះ ចូលរួមជាមួយនឹង PSG ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ កាលពីរដូវកាលមុន ពីក្រោយក្រុមម្ចាស់ជើងឯក Lille លើងតារាងក្របខ័ណ្ឌ Ligue 1 ខណៈដែលពួកគេក៏បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុម Manchester City ផងដែរ។
Ramos បានឲ្យដឹងថា៖ «Paris Saint-Germain គឺជាក្លិបមួយដែលបានបង្ហាញឲ្យឃើញរួចជាស្រេចដោយខ្លួនឯងក្នុងកម្រិតដ៏ខ្ពស់បំផុត។ ខ្ញុំចង់បន្តអភិវឌ្ឍ និងធ្វើឲ្យកាន់តែល្អប្រសើរឡើង នៅ Paris និងជួយឲ្យក្រុមនេះ ឈ្នះពានជាច្រើនតាមដែលអាច»៕
ប្រភពព័ត៌មាន៖ Channel News Asia