ក្រុមអត្តពលិកកីឡាការិនីហែលទឹកទាំង២នាក់របស់កម្ពុជា គឹកីឡាការិនីវ័យក្មេង ឃឺន ប៊ុនពេជ្រមរកត និងកីឡាករ ហែម ប៊ុច នឹងត្រូវធ្វើការប្រកួតលើវិញ្ញាសាហែលសេរី ៥០ ម៉ែត្រ ដូចគ្នា នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នាល្ងាចម៉ោង ៥ (ម៉ោង នៅកម្ពុជា) ថ្ងៃសុក្រនេះ ចំណែកកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតរត់ល្បឿន ចម្ងាយ ១០០ ម៉ែត្រ នៅពហុកីឡដ្ឋាន Olympic Stadium នាព្រឹកម៉ោង ៩:៣០ ថ្ងៃសៅរ៍ស្អែកនេះ។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ជានាយកបេសកកម្ម និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះ បានប្រាប់ថា នៅមុនការប្រកួតនៅថ្ងៃនេះ ក្រុមអត្តពលិកកម្ពុជាទាំង៣នេះ បានហ្វឹកហាត់ត្រៀមរួចរាល់ហើយ ហើយសុខភាពក៏ល្អប្រសើរ គឺការស្នាក់នៅ មានផាសុខភាពល្អ ចំណែកអាហារហូបចុកប្រចាំថ្ងៃ មានអាហារគ្រប់ប្រភេទ តាមតម្រូវការ និងបើកទទួល ២៤ ម៉ោងតែម្តង។
យ៉ាងណាក៏ដោយ អ្នកជំនាញកីឡារបស់កម្ពុជារូបនេះ បានប្រាប់ថា ទិសដៅ និងគោលបំណងរបស់យើង មិនមែនជាការប្រកួតដណ្តើមយកជយលាភីនោះទេ ព្រោះកម្រិតរបស់យើង នៅមិនទាន់អាចឈានដល់ការប្រកួតប្រជែងជាមួយគេនោះទេ ប៉ុន្តែយើងប្រកួតដើម្បីបំបែកឯតទគ្គកម្មខ្លួនឯង។
លោក វ៉ាត់ ចំរើន បានពន្យល់តាមបច្ចេកទេសក្នុងកីឡាថា៖ «ជាធម្មតាបងប្អូនជនរួមជាតិ ពិតជារង់ចាំ និងចង់ដឹងពីលទ្ធផល ជាមិនខាន ប៉ុន្តែបើផ្អែកទៅលើការពិត លើបច្ចេកទេសក្នុងកីឡា និងកម្រិតសមត្ថភាពរបស់យើង គឺយើងមិនអាចបានចំណាត់ថ្នាក់ ឬទទួលបានជយលាភីពីព្រឹត្តិការណ៍កីឡាដ៏ធំនេះទេ ព្រោះសូម្បីតែជាប់ជាបេក្ខភាពប្រកួតប្រជែងតាមបច្ចេកទេស ក៏មិនបានផង គឺអត្តពលិករបស់យើង ទទួលបានត្រឹមសិទ្ធិអនុគ្រោះដើម្បីបានចូលរួមប៉ុណ្ណោះ»។
លោកបានបន្ថែមថា៖«គោលដៅធំបំផុតរបស់អត្តពលិកយើង គឺយើងមកប្រកួតនេះ ដើម្បីបំបែកឯតទគ្គកម្មខ្លួនឯង មិនមែនទៅបំបែកឯតទគ្គកម្ម ជាមួយគេនោះទេ ហេតុនេះយើងមិនអាចដណ្តើមបានមេដាយនោះឡើយ។ តែទោះបីជាយ៉ាងណា យើងមានផលចំណេញ ព្រោះយើងបានកំណត់ត្រា និងបទពិសោធ ព្រមទាំងបានដឹងពីរបៀបរៀបចំ យល់ដឹងពីនិតិវិធីព្រមទាំងស្វែងយល់ពីលក្ខណៈរៀបចំមុនប្រកួត ពេលប្រកួត និងក្រោយប្រកួត ក្នុងនាមតំណាងប្រទេសជាតិមួយ ជាសមាជិកពេញសិទ្ធិ បានបំពេញបេសកកម្ម ជាកាតព្វកិច្ច ក្នុងគណៈកម្មាធិការជាតិអូឡាំពិកអន្តរាជាតិ»។
ចំណែកកីឡាការិនីវ័យ១៥ឆ្នាំ ឃឺន ប៊ុនពេជ្រមរកត បានធ្វើការប្តេជ្ញាចិត្តថា៖ «ខ្ញុំប្តេជ្ញាចិត្តថា ខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបំបែកថិរវេលាចាស់របស់ខ្លួនឯង។ ខ្ញុំសូមអរគុណដល់បងប្អូន អ៊ំ ពូ មីង ដែលបានជូនពរដល់ខ្ញុំ ហើយខ្ញុំនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព នៅក្នុងការប្រកួតមួយនេះ»៕