បរទេស៖ ក្លិប Lyon បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិស្វ៊ីស Xherdan Shaqiri ពីក្លិប Liverpool។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំង២ កាលពីថ្ងៃចន្ទ។ ក្លិប Lyon បានបញ្ជាក់ថា កីឡាករវ័យ២៩ឆ្នាំរូបនេះ ផ្ទេរសម្រាប់តម្លៃខ្លួនជាគោលចំនួន៦លានអឺរ៉ូ ដែលអាចនឹងកើនឡើងរហូតដល់ទៅ១១លានអឺរ៉ូ (ស្មើនឹង១២,៩លានដុល្លារអាមេរិក) រួមនឹងប្រាក់ឧបត្ថម្ភនានា និងបានចុះកិច្ចសន្យាមួយរហូតដល់ឆ្នាំ២០២៤។
ជាមួយនឹងការបង្ហាញខ្លួនជាអន្តរជាតិចំនួន៩៦លើកឲ្យក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស Shaqiri បានឲ្យលេងឲ្យក្លិប Basel, Bayern Munich និង Inter Milan នៅមុនពេលផ្ទេរទៅកាន់អង់គ្លេស ក្នុងឆ្នាំ២០១៥ ដែលនៅពេលនោះរូបគេបានលេងឲ្យក្លិប Stoke City។ បន្ទាប់មក រូបគេបានចូលរួមជាមួយនឹងក្លិប Liverpool ក្នុងឆ្នាំ២០១៨ និងបានបង្ហាញខ្លួន៦៣លើកសម្រាប់ក្លិបមានមូលដ្ឋាននៅ Anfield មួយនេះ ក្នុងរយៈពេល៣រដូវកាល ដោយរូបគេបានឈ្នះពានជាច្រើនរួមមាន Premier League, Champions League, Club World Cup និង UEFA Super Cup។
ក្លិបបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គ្រប់គ្នានៅ Liverpool FC សូមថ្លែងអំណរគុណដល់ Xherdan ចំពោះការរួមចំណែករបស់គេក្នុងរយៈពេល៣រដូវកាលមកនេះ និងសូមជូនពរឲ្យរូបគេជួបតែសំណាងល្អក្នុងអាជីពរបស់គេ»៕
ប្រភពព័ត៌មាន៖ Channel News Asia