បរទេស៖ ខ្សែប្រយុទ្ធ Antoine Griezmann បានចូលរួមជាមួយនឹងក្លិប Atlético Madrid ក្នុងការផ្ទេរដ៏មិននឹកស្មានដល់មួយ ពីក្លិប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ជាមួយនឹងការកតព្វកិច្ចក្នុការទិញយកដាច់សម្រាប់តម្លៃខ្លួន៤០លានអឺរ៉ូ (ស្មើនឹង៤៧,២២លានដុល្លារអាមេរិក)។
ប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បានស៊ុតបាល់បញ្ចូលទី១៣៣គ្រាប់ក្នុងការប្រកួត២៥៧លើក សម្រាប់ក្រុម Atletico មុននឹងចាកចេញកាលពីឆ្នាំ២០១៩ ក្រោយពីក្លិប Barcelona បានចំណាយប្រាក់រំលាយកិច្ចសន្យាចំនួន១២០លានអឺរ៉ូ (ស្មើនឹង១៤៧លានដុល្លារអាមេរិក)។ ប៉ុន្តែ Griezmann វ័យ៣០ឆ្នាំ បានស៊ុតបាល់បញ្ចូលទីបានត្រឹមតែ៣៥គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត១០២លើក និងបានត្រឹមតែអាចឈ្នះពាន Copa del Rey តែមួយប៉ុណ្ណោះ ជាមួយនឹងក្លិប Barcelona។ រូបគេគឺជាកីឡាករទី១១ដែលបានចាកចេញពីក្លិបកំពុងតែជួបបញ្ហាហិរញ្ញវត្ថុ Barcelona នៅរដូវក្តៅនេះ ក្នុងនោះរាប់បញ្ចូលទាំង Lionel Messi ផងដែរ។
ក្លិប Barcelona ត្រូវតែអនុញ្ញាតឲ្យខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់ពួកគេចាកចេញ ដើម្បីអាចឆ្លើយតបទៅរចនាសម្ព័ន្ធប្រាក់ខែរបស់ក្របខ័ណ្ឌ La Liga ហើយ Messi បានចូលរួមជាមួយនឹងក្លិប Paris St-Germain។ Griezmann គឺជាកីឡាករទី៣ដែលត្រូវបានលក់ចេញពីក្លិប Barcelona នៅថ្ងៃចុងចុងក្រោយនៃទីផ្សារដោះដូរកីឡាករ៕
ប្រភពព័ត៌មាន៖ The Guardian