បរទេស៖ លោក Steven Gerrard អ្នកចាត់ការទូទៅរបស់ក្រុម Aston Villa បាននិយាយកាលពីថ្ងៃអង្គារថា ខ្សែបម្រើ Jack Grealish មានសិទ្ធិក្នុងការទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលដែលរូបគេវិលទៅកាន់កីឡដ្ឋាន Villa Park ជាលើកដំបូង ក្នុងនាមជាកីឡាកររបស់ Manchester City នៅសប្តាហ៍នេះ។
Grealish បានផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាក្នុងក្របខ័ណ្ឌ Premier League ក្នុងទឹកប្រាក់១០០លានផោន (ស្មើនឹង១៣៣លានដុល្លារអាមេរិក) កាលពីខែសីហា ក្រោយពីបានបង្ហាញខ្លួនច្រើនជាង២០០លើកឲ្យក្លិបកុមារភាពរបស់គេ បើគិតចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងវ័យ១៨ឆ្នាំ។ ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ បានអវត្តមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែ បានវិលទៅហ្វឹកហាត់វិញ កាលពីថ្ងៃចន្ទ ហើយអាចនឹងបង្ហាញខ្លួន ពេលប្រកួតជាមួយនឹងអតីតក្លិបរបស់គេ។
លោក Gerrard ដែលបានចាប់ផ្តើមយ៉ាងល្អឥតខ្ចោះ ក្នុងអាជីពគ្រូបង្វឹករបស់លោកក្នុងក្របខ័ណ្ឌ Premier League តាមរយៈការយកឈ្នះ២លើក ពីការប្រកួតទាំង២លើកនោះ បានឲ្យដឹងថា៖ «Jack ពិតជាសក្តិសមក្នុងការទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ហើយខ្ញុំគ្មានការសង្ស័យឡើយថា រូបគេនឹងទទួលបានបែបនោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

