បរទេស៖ ខ្សែ​ប្រយុទ្ធ Romelu Lukaku បាន​និយាយ​ថា Chelsea គឺ​ជា «អ្នក​ប្រមាញ់​» របស់ Manchester City ក្នុងការ​ប្រជែង​ដណ្តើម​ពាន ក្រោយពី​​បានចូល​លេងក្នុងនាម​ជាកីឡាករ​បម្រុង​ដើម្បី​ស៊ុត​បាល់បញ្ចូល​ទីជាលើក​ដំបូង​​ក្នុងក្រប​ខ័ណ្ឌ Premier League បើ​គិត​ចាប់​តាំងពី​ខែ​កញ្ញា ដើម្បី​ជួយ​​ឲ្យក្រុម​ខ្លួន​ផ្តួល​ក្រុម Aston Villa ក្នុង​លទ្ធ​ផល ៣-១។

ការ​ធ្វើ​ឲ្យ​បាល់ចូល​ទី​ខ្លួន​ឯង​របស់ Reece James បាន​ជួយ​ឲ្យក្រុម Aston Villa មានគ្រាប់បាល់​នាំមុខមុន ប៉ុន្តែ Jorginho បាន​រក​គ្រាប់បាល់​តាម​ស្មើ​វិញ​ភ្លាម​ៗ ពីការ​ស៊ុត​បាល់​ប៉េណាល់ទី ក្នុងការ​ប្រកួត​​មួយ​រវាងក្រុម​២ ដែល​រងគ្រោះ​ដោយ​សារ​តែករណីឆ្លង​កូវីដ ១៩ ដូចគ្នា​។ Lukaku គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​របស់ Chelsea ដែលបាន​អវត្តមាន ដោយ​សារ​តែឆ្លង​កូវីដ ១៩ ក្នុង​ពេល​ក្រុម​តោខៀវ ទទួល​បាន​លទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Everton និង Wolves កាលពី​សប្តាហ៍​មុន ដែល​នាំ​ឲ្យ​ពួកគេ​ឃ្លាត​ឆ្ងាយពីការ​ប្រជែង​ពាន​។ ប៉ុន្តែ រូប​គេ​បាន​វិល​ចូល​លេង​វិញ​នៅ​តង់ទី​២ និង​បានបង្កើត​ឲ្យ​មាន​ឥទ្ធិ​ពល​ភ្លាម​ៗ ដើម្បី​តែត​បាល់បញ្ចូល​ទី​យ៉ាងល្អ ក្រោយពី​ការ​បញ្ជូន​បាល់​ឆ្លង​របស់ Callum Hudson Odoi​។ បន្ទាប់​មក តារាឆ្នើម​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ បាន​ជួយ​ឲ្យ Chelsea ទទួល​​បាល់ប៉េណាល់ទី​ជាលើក​ទី​២ នៅ​ជិត​បញ្ចប់​ការ​ប្រកួត ខណៈ​ដែល Jorginho បានស៊ុត​បាល់បំប៉ោង​សំណាញ់ទី​តែម្តង​។

Romelu Lukaku makes instant impact as Chelsea come from behind to win at Aston Villa

Lukaku បាន​ឲ្យដឹងថា៖ «ខ្ញុំ​ត្រូវ​ការ​ទម្រង់លេង​បែប​នេះនៅថ្ងៃនេះ​»​។ ស្រប​ពេល​ជាមួយ​គ្នា Manchester City បាន​លត់ក្រុម Leicester City យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៦-៣ កាលពីថ្ងៃ​សៅរ៍ ស្របពេល​ដែលក្រុម Arsenal បានយកឈ្នះលើក្រុម Norwich ៥-០​៕

ប្រភព​ព័ត៌មាន៖ Channel News Asia