កីឡាករជំនាញប្រើជើងឆ្វេង អេលីត ចំរើន បន្តឈ្នះខ្សែក្រវាត់មាស និងប្រាក់រង្វាន់១ម៉ឺនដុល្លារជាថ្មីម្តងទៀត នៅលើសង្វៀន PNN បន្ទាប់ពីរូបគេបានយកឈ្នះ បឺត សង្ឃឹម ក្នុងការប្រកួតយផ្តាច់ព្រ័ត្រ ទាំងវេទនា កាលពីថ្ងៃអាទិត្យ ម្សិលមិញ ហើយការប្រកួតនេះ បឺត សង្ឃឹម ដែលបានប្រាក់រង្វាន់ត្រឹម២ពាន់ដុល្លារ ក៏បានបាក់ដៃ និងត្រូវបញ្ជូនទៅវះកាត់ នៅមន្ទីរពេទ្យភ្លាមៗ ផងដែរ។
នៅក្រោយការប្រកួត៥ទឹកពេញនោះ អេលីត ចំរើន ត្រូវបានចៅក្រមទាំង៥រូប ផ្តល់ពិន្ទុឱ្យឈ្នះ បឺត សង្ឃឹម មិនឯកច្ឆន្ទ ៣-២ ដែលលទ្ធផលនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រ និងស្រឡាញ់ដល់ បឺត សង្ឃឹម មានការខកចិត្តខ្លាំង និងរិះគន់ផងដែរ ព្រោះតាមសាច់ប្រកួតទាំង អេលីត ចំរើន និង បឺត សង្ឃឹម សុទ្ធតែមានប្រៀបឈ្នះរៀងៗខ្លួន។
យ៉ាងណាក៏ដោយ លោក បឺត ខាំ និងលោក សេន ប៊ុនថេន ដែលជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា និងជាអ្នកបង្វឹក និងឱ្យទឹកដល់ បឺត សង្ឃឹម ក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ មិនបានបង្ហាញមតិរិះគន់ទៅលើការកាត់សេចក្តីនេះទេ ដោយអ្នកទាំង២នេះ បានលើកឡើងក្រោយការប្រកួតថា៖ «វាជាធម្មតាទេ កីឡាករ តែងមានឈ្នះ មានចាញ់ ហើយលទ្ធផល ក្រោយការប្រកួតនេះ គឺ៥០ ទល់៥០ អ៊ីចឹងលើកដៃឱ្យអ្នកឈ្នះ ក៏បានដែរ»។
តែទោះបីជាយ៉ាងណា បឺត ខាំ បានបង្ហាញការអាក់អន់ចិត្តទៅលើគ្រូពេទ្យប្រចាំសង្វៀនរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលហាក់ប្រងើយកន្តើយទៅនឹងបញ្ហារបួសបាក់ដៃរបស់ បឺត ខាំ និងមិនដឹងច្បាស់ពីតួនាទីរបស់ខ្លួនឯង បើទោះបីជាលោក តែម ម៉ឺន ដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហេង សុឃន ជាអគ្គលេខាធិការ បានសម្របសម្រួលជួយនាំ បឺត សង្ឃឹម ទៅវះកាត់នៅមន្ទីរពេទ្យ ទាន់ពេលក៏ដោយ។
តាមរយៈការ Live ផ្ទាល់ នៅក្នុងមន្ទីរពេទ្យតែម្តង បឺត ខាំ បាននិយាយថា៖ «បឺត សង្ឃឹម បានបាក់ម្រាមដៃចង្អុល នៅពេលវ៉ៃត្រូវក្បាល អេលីត ចំរើន នៅក្នុងទឹកទី៤ ហើយត្រូវបានឯកឧត្តម តែម ម៉ឺន និងឯកឧត្តមបង ហេង សុឃន នាំ បឺត សង្ឃឹមទៅមន្ទីរពេទ្យ និងធ្វើការវះកាត់ភ្លាមៗ»។
អតីតកីឡាជើងខ្លាំង បឺត ខាំ បានបន្តថា៖ «ប៉ុន្តែខ្ញុំចង់និយាយពីបងៗ ជាពេទ្យរបស់សហព័ន្ធ ដែលជាអ្នកមើលកីឡាករ ពេលប្រកួតចប់នេះ គឺគួរតែរហួសរហួនបន្តិច គួរតែធ្វើសកម្មភាពបន្តិច មិនមែនចាំតែកីឡាករឈឺហើយ ទើបយកមកមើលនោះទេ គឺគួរតែទៅមើលកីឡាករ»។
«កីឡាករសន្លប់ នៅលើទីលាន យើងគួរតែទៅមើល កីឡាករបែកយើងគួរតែទៅមើល មិនមែនកីឡាករបាក់ដៃ បាក់ជើងហើយ មិនដឹងបងៗជាពេទ្យ នៅឯណា! ឱ្យគេដើររកពេញស្តាត ហើយដល់ពេលគេសួរ ខឹងគេទៀត។ គេហៅគ្រូពេទ្យ ដើម្បីឱ្យមកមើលកីឡាករមានរបួស ព្រោះពេលហ្នឹង គេត្រូវការគ្រូពេទ្យ អ៊ីចឹងយើងជាគ្រូពេទ្យ ត្រូវតែដឹងពីតួនាទីរបស់ខ្លួនឯង ហើយមួយរយៈនេះ សម្តីពេទ្យដូចជាយ៉ាប់ៗណាស់»។
ជាមួយគ្នានេះ បឺត សង្ឃឹម ក៏បានប្រាប់ពីស្ថានភាពវះកាត់របស់ខ្លួន កាលពីម្សិលមិញដែរថា៖ «ខណះពេលនេះ ខ្ញុំបាទ បានវះកាត់ដៃ រួចហើយ ហើយក៏អគុណដល់ ឯកឧត្ដម តែម ម៉ឺន និងឯកឧត្ដមបង ហេង សុឃន ដែលជួយសម្រួលយ៉ាងឆាប់រហ័ស ក្នុងការវះកាត់ដៃ ដោយជោគជ័យ សូមអគុណមេ ដែលយកចិត្តទុកដាក់ដល់កូនចៅ »៕