បរទេស៖ លោក Ralf Rangnick អ្នក​ចាត់​ការ​ទូទៅ​​បណ្តោះអាសន្ន​របស់​ក្លិប Manchester United បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ទម្រង់លេង​ដ៏​ទន់ខ្សោយ​​របស់ក្រុមខ្លួន ក្នុងពេល​ទទួល​បានលទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម Newcastle United ក្នុងក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃ​ចន្ទ​។

ក្រុម Newcastle បាន​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន ហើយ​ការ​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​របស់​អ្នក​ចាំ​ទី David De Gea បាន​ការ​ពារ​មិន​ឲ្យ​លោក Rangnick រង​បរា​ជ័យ​ជាលើក​ដំបូង​ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Manchester United​។ ស្រប​ពេល​ដែលលោក​បាន​បន្ត​ការមិនស្គាល់​ចាញ់រហូត​ដល់​៤​ប្រកួត​ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ គ្រូបង្វឹកសញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ​បាន​ប្រាប់ Sky Sports ថា៖ «ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ទម្រង់លេង​ឡើយ​។

ថ្ងៃនេះ យើង​មិន​បានគ្រប់គ្រង​​ការ​ប្រកួត​តាំង​ពី​ដើម​ទីឡើយ​។ វា​អាស្រ័យ​ទៅលើ​ថាមពល ភាព​រឹងមាំ និង​ការ​ស្រេកឃ្លាន​​​។ នៅ​តំបន់​ទាំងនេះ យើង​លេង​មិនបានល្អ​សោះ​។ រឿង​ដែលល្អ​គឺ​ថា យើង​ទទួល​បាន​១ពិន្ទុ ប៉ុន្តែ ទម្រង់លេង​ត្រូវ​តែល្អ​ប្រសើរ​ជាង​នេះ​»៕

ប្រភព​ព័ត៌មាន៖ Channel News Asia