កីឡាការិនីជម្រើសជាតិស្នូកឃ័រកម្ពុជា ដែលទើបបានឈ្នះពានរង្វាន់ធំបំផុត ប្រចាំនៅប្រទេសកូរ៉េខាងត្បូងនោះ បានបង្ហាញពីគន្លឹះសំខាន់ៗ នៃការឈានទៅរកភាពជោគជ័យ សម្រាប់ការប្រកួតប្រជែង នៅលើឆាកអន្តរជាតិ ជូនប្រទេសជាតិ ប៉ុន្តែគន្លឹះសំខាន់ទាំងនេះ ទាមទារឱ្យអត្តពលិកគ្រប់រូប ត្រូវតែមានការតស៊ូខ្ពស់បំផុត ទើបអាចសម្រេច និងទទួលបានផលត្រឡប់មកវិញ។
យ៉ាងណាក៏ដោយ ស្រ្តី ដែលបានកែប្រែខ្សែជីវិត ពីកូនកសិក នៅខេត្តត្បូងឃ្មុំ ទៅជាកីឡាការិនីស្នូកឃ័រដ៏ឆ្នើមប្រចាំនៅប្រទេសកូរ៉េខាងត្បូង ស្រួង ភាវី បានអះអាងថា មិនមានជោគជ័យណា ដែលបានកើតឡើង ដោយគ្មានបទពិសោធបរាជ័យនោះទេ តែសំខាន់ត្រូវជម្នះតស៊ូ ហើយសម្រាប់ ស្រួង ភាវី បានបញ្ជាក់ថា នាងគ្មានពេលសម្រាកនោះទេ គឺខំប្រឹងហាត់ជាប្រចាំ ទាំងថ្ងៃ ទាំងយប់។
«កូនស្រីកម្ពុជាម្នាក់នេះ មិនដែលមានពេលសម្រាកទេ!ហាត់ប្រចាំថ្ងៃ ហាត់ទាំងយប់ ដើម្បីកម្ពុជា»។ នេះជាការបង្ហោះសារស័ព្ទរបស់កីឡាការិនី ស្រួង ភាវី នៅលើហ្វេសប៊ុកផ្ទាល់របស់ខ្លួន កាលពីថ្ងៃសៅរ៍ កន្លងមកនេះ គឺបន្ទាប់ពីស្រ្តីមានស្វាមីជាជនជាតិកូរ៉េខាងត្បូងរូបនេះ បានឈ្នះពាន ពីការប្រកួតកីឡាស្នូកឃ័រការ៉ុម COLLAGEN LPBA Championship ដែលជាពានរង្វាន់ធំបំផុត ប្រចាំនៅប្រទេសកូរ៉េ ប្រចាំឆ្នាំ២០២១។
កីឡាការិនី ដែលធ្លាប់ឈ្នះមេដាយមាស និងពានរង្វាន់ជាច្រើន ស្រួង ភាវី បានបង្ហាញពីបទពិសោធ និងគន្លឹះឈានទៅរកភាពជោគជ័យ បែបនេះថា៖ «ថ្ងៃដែលយើងព្យាយាម គឺជាថ្ងៃដែលយើងហត់, ថ្ងៃដែលយើងបរាជ័យ គឺជាថ្ងៃដែលយើងយំ ហើយថ្ងៃដែលយើងតាំងចិត្តសាកល្បងម្តងទៀត គឺជាថ្ងៃដែលយើងមានសង្ឃឹមឡើងវិញ»។
ស្រួង ភាវី បានបន្ថែមថា៖ «ថ្ងៃដែលបរាជ័យ ស្ថិតនៅជាមួយយើងទៀត គឺជាថ្ងៃដែលយើងទទួលមេរៀន និងភាពរឹងមាំ ចំណែកថ្ងៃបន្ទាប់ យើងនឹងបរាជ័យល្អជាងមុន ហើយចុងក្រោយស្នាមញញឹម ក៏មានលើផ្ទៃមុខយើង ពោរពេញដោយមោទនភាព។ ធ្លាប់បានព្យាយាម ធ្លាប់បានទទួលបរាជ័យ តែទោះជាយ៉ាងណា ក៏នៅតែព្យាយាមម្តងទៀត ហើយក៏បានបរាជ័យម្តងទៀត ក៏ប៉ុន្តែត្រូវបរាជ័យឱ្យល្អជាងមុន»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ ស្រួង ភាវី នៅតែរក្សាបាននៅភាពខ្លាំង ក្នុងនាមជាកីឡាការិនីដ៏លេចធ្លោរជាងគេ នៅប្រទេសកូរ៉េ បន្ទាប់ពីស្រ្តីខ្មែរដ៏ស្រស់សោភារូបនេះ បានបន្តឈ្នះជើងឯក ក្នុងការប្រកួតកីឡាស្នូកឃ័រការ៉ុម ដែលជាពានរង្វាន់ធំបំផុត ប្រចាំប្រទេសកូរ៉េខាងត្បូងនោះ។
ជាមួយការបន្តឈ្នះពាន អមដោយប្រាក់រង្វាន់៣០លានវន់ (ជាង២៥ម៉ឺនដុល្លារអាមេរិក)នេះ ស្រួង ភាវី បានបញ្ជាក់ថា ៖«កូនស្រីរបស់កម្ពុជាម្នាក់នេះ ប្រកួតយកជ័យជម្នះ ជូនជាតិទៀតហើយ។ យើងកើតមក មិនមែនដើម្បីតែរស់នោះទេ តែយើងត្រូវរស់ដើម្បីជោគជ័យនូវអ្វីមួយ សម្រាប់គ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល ផងដែរ ហើយក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំបានខិតខំប្រកួត ដើម្បីកិត្តិយសកម្ពុជា រហូតទទួលបានពានរង្វាន់ជើងឯកលេខ១ លើជាតិសាសន៍ណាៗទាំងអស់»៕