សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) កាលពីថ្ងៃពុធម្សិលមិញ បានចេញសេចក្តីប្រកាស ដោយធ្វើការព្រមានចំពោះក្លិប/សមាគម និងកីឡាករ ដែលជាសមាជិករបស់ខ្លួន ឱ្យបញ្ឈប់នៅរាល់សកម្មភាពភ្នាល់ និងផ្សព្វផ្សាយអាជីវកម្មគ្រប់ប្រទេស ទាំងនៅក្នុង និងក្រៅប្រទេស។
សេចក្តីប្រកាសព័ត៌មាននេះ បានសរសេរថា៖ «នាពេលបច្ចុប្បន្ននេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ិនធីណេតអនឡាញ ក្នុង និងក្រៅប្រទេស បាននឹងកំពុងរីកដុះដាលយ៉ាងខ្លាំង ហើយសកម្មភាពអាជីវកម្មល្បែកទាំងនេះ ក៏មានក្លិប/សមាគម មន្រ្តី និងកីឡាករបាល់ទាត់មួយចំនួន បានចូលរួមសកម្មភាពភ្នាល់ និងធ្វើជាអ្នកតំណាងផ្សព្វផ្សាយឱ្យអាជីវកម្មទាំងនោះ ផងដែរ»។
សហព័ន្ធ បានបន្តថា៖ «បន្ទាប់ពីបានពិនិត្យមើលឃើញក្លិប សមាគម មន្រ្តី កីឡាករមួយចំនួន បានធ្វើសកម្មភាពភ្នាល់ និងផ្សព្វផ្សាយអាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ិនធឺណេតអនឡាញ និងយោងស្មារតីអង្គប្រជុំគណៈកម្មការជំនាញរួចមក ទង្វើរបស់ក្លិប/សមាគម មន្រ្តី កីឡាករ ដែលធ្វើសកម្មភាពភ្នាល់ និងផ្សព្វផ្សាយឱ្យអាជីវកម្មភ្នាល់ទាំងអស់ គឺមិនត្រូវនោះទេ»។
យោងទៅតាមលក្ខន្តិកៈ និងច្បាប់នៃព្រះរាជណាចក្រកម្ពុជា និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងគ្រប់គ្រងអាជីវកម្មល្បែកភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ិនធីណេតអនឡាញនេះ សហព័ន្ធ បានបញ្ជាក់ថា៖«សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមធ្វើការព្រមានចំពោះក្លិប/សមាគម មន្រ្តី កីឡាករ ដែលស្ថិតក្រុម ស.ប.ក មិនអនុញ្ញាតឱ្យធ្វើទង្វើទាំងអស់នេះទៀត បានទេ»៕