បរទេស៖ លោក Thomas Tuchel បាន​សន្យា​ថា Chelsea នឹង​មិន​បែក​បាក់​ដោយ​សារ​តែ​ការ​ដាក់​ទណ្ឌ​កម្ម​នានា លើ​ម្ចាស់​​ក្លិប​​ក្រុម​តោ​ខៀវ​​គឺ​លោក Roman Abramovich ឡើយ ខណៈ​ដែល​ការ​ដាក់​ទណ្ឌ​កមម្ម បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​មួយនេះ ធ្លាក់​ចូល​ក្នុង​ភាព​ជ្រួល​ច្របល់ នៅមុន​ពេល​ពួកគេ​បាន​យកឈ្នះលើ​ក្រុម Norwich ក្នុងលទ្ធ​ផល ៣-១ កាលពីថ្ងៃព្រហស្បតិ៍​​។

លោក Abramovich គឺ​ជា​បុគ្គល​ម្នាក់ក្នុង​ចំណោម​បុគ្គ​ល​ល្បី​ឈ្មោះ​ចំនួន​៧​បន្ថែម​ទៀត ដែល​បាន​រង​នូវ​ការ​​​ដាក់​ទណ្ឌ​កម្ម​ពី​ចក្រភពអង់គ្លេស ជុំ​វិញ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី ក្នុង​ប្រទេស​អ៊ុយក្រែន​។ ទ្រព្យ​សម្បត្តិ​នានានៅ​ចក្រភព​អង់គ្លេស​របស់​មហា​សេដ្ឋ​រុស្ស៊ី​រូបនេះ ត្រូវ​បាន​បង្កក រួម​ជាមួយនឹង​ការ​រិត​ត្បិត​យ៉ាង​តឹង​មាំ​លើ​ក្លិប Chelsea ដែល​បច្ចុប្បន្ន មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ទិញចូល​កីឡាករ​ថ្មី បន្ត​កុង​ត្រា​ថ្មី ឬ​លក់​សំបុទ្រ​សម្រាប់​​ការប្រកួតឡើយ​។ សូម្បី​តែ​ហាង​ប្រចាំ​ក្លិប​របស់ Chelsea ក៏​ត្រូវ​បាន​បិទ​ផង​ដែរ ស្រប​ពេល​ដែល​ម្ចាស់​ឧបត្ថម្ភ​ធំ​របស់ពួក​គេ គឺ​ក្រុមហ៊ុន​ទូរស័ព្ទ Three បាន​ឆ្លើយ​តប​ទៅនឹង​ការ​ដាក់​ទណ្ឌ​កម្ម​នានា តាមរយៈ​ការ​បញ្ជាក់​ថា ខ្លួន​​នឹង​ព្យួរ​កិច្ច​ព្រមព្រៀង​ក្នុង​នាម​ជា​ម្ចាស់ឧត្ថម្ភ​ជាបណ្តោះ​អាសន្ន​។ ការ​ដាក់​ទណ្ឌ​​កម្ម​ទាំង​នេះ បាន​បង្កើត​ឲ្យ​មានការ​ព្រួយ​បារម្ភ​លើ​ការ​បន្ត​​ដំណើរ​ការ​របស់ក្លិប​ ហើយ​​អនា​គត​ដ៏យូរ​អង្វែង​របស់​ពួកគេ កំពុង​តែ​ស្ថិតក្នុង​ភាព​មិន​ច្បាស់​។

ប៉ុន្តែ លោក​ Tuchel បាន​បញ្ជាក់​ថា៖ «មក​ទល់ពេលនេះ យើង​អាច​ទុក​ចិត្ត​គ្នា​ ហើយ​ការ​ទុក​ចិត្ត​នេះ នឹងមិនផ្លាស់ប្តូរ​ឡើយ​។ នៅពេល​ដែលយើង​មាន​អាវគ្រប់គ្រាន់ និង​រថយន្ត​ដឹក​ជញ្ជូនទៅកាន់​ការ​ប្រកួត យើង​នឹង​នៅ​ទីនោះ ហើយ​និង​ប្រកួត​ឲ្យ​អស់​ពីសមត្ថភាព​»​៕

 

ប្រភពព័ត៌​មាន៖ Channel News Asia