បរទេស៖ លោក Juergen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានចាត់ទុកការប្រកួតនៅរាត្រីនេះជាមួយនឹងក្រុម Manchester United គឺជាការជួបគ្នា «រវាងក្លិបដ៏ធំបំផុត២ក្នុងពិភពលោក» និងបាននិយាយថា ក្រុមរបស់លោក នឹងត្រូវស្ថិតក្នុងស្ថានភាពល្បងសមត្ថភាពដ៏តានតឹងបំផុត បើទោះបីគូប្រកួតរបស់ពួកគេកំពុងតែត្រដាបត្រដួស នៅរដូវកាលនេះក៏ដោយ។
ក្រុមឈរលេខ២ Liverpool កំពុងតែដេញតាមពីក្រោយក្រុម Manchester City ដែលកំពុងនាំមុខលើកំពូលតារាងក្របខ័ណ្ឌ Premier League ចំនួន១ពិន្ទុ ស្របពេលដែល Man United ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយតាម៣ពិន្ទុពីក្រោយក្រុម Tottenham Hotspur ដែលកំពុងគ្រប់គ្រងចំណាត់ថ្នាក់ចុងក្រោយដែលឈ្នះកៅអីក្របខ័ណ្ឌ Champions League។ លោក Klopp បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា៖ «វាគឺជាការប្រកួតដ៏ធំមួយ ដែលជាការប្រកួតដ៏កក្រើក រវាងក្លិប២ក្នុងចំណោមក្លិបដ៏ធំបំផុតក្នុងពិភពលោក។
យើងតែងតែរៀនដោះស្រាយជាមួយនឹងការប្រកួតបែបនេះជានិច្ច»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ក្រុម Man United ដែលយើងនឹងជួបប្រកួត នឹងព្យាយាមបង្ហាញពីសមត្ថភាពរបស់ពួកគេ។ ពួកគេចង់ទៅលេងក្នុងក្របខ័ណ្ឌ Champions League។ វានឹងក្លាយជាការប្រកួតដ៏តានតឹងរយៈពេល៩០នាទី។ វាគឺជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំង២។ ក្រុមទាំង២ នឹងប្រជែងយកឈ្នះរៀងខ្លួន»៕
ប្រភពព័ត៌មាន៖ Channel News Asia