(ភ្នំពេញ)៖ ក្រុមបាល់ទាត់ចំណូលថ្មី វិសាខា បានធ្វើឲ្យអ្នកគាំទ្រក្រុមព្រះខ័នរាជស្វាយរៀង ភ្លឺភ្នែកមួយទៀតហើយ ក្រោយយកឈ្នះយ៉ាងចាស់ដៃជាមួយលទ្ធផល ៥-១ លើទីលានបុរី ប៉េង ហួត (បឹងស្នោរ) កាលពីល្ងាចមិញ។ តែក្រោយចប់ការប្រកួតលោក ហុក សុជីវ័ន្ដ គ្រូបង្វឹកក្រុមវិសាខា បានប្រាប់ដល់កូនក្រុមឲ្យបន្ដការខិតខំបន្ថែមទៀត ព្រោះនេះគ្រាន់តែជាលទ្ធផលប្រកួតមិត្តភាពក្រៅផ្លូវការប៉ុណ្ណោះ។
លោក ហុក សុជីវ័ន្ដ បាននិយាយថា ប៉ុន្មានប្រកួតមកនេះ ក្រុមខ្លួនពិតជាធ្វើបានល្អគ្រាន់បើ តែលោកបានប្រាប់ទៅកូនក្រុមជានិច្ចថា វាគ្រាន់តែជាការប្រកួតមិត្តភាព មិនមែនជាការប្រកួតផ្លូវការនោះទេ ហេតុនេះកីឡាករម្នាក់ៗ មិនត្រូវសប្បាយចិត្តនឹងលទ្ធផលមិនផ្លូវការនេះ រហូតភ្លេចខ្លួននោះទេ។ ផ្ទុយទៅវិញ លោកបានក្រើនរំឮកដល់កូនក្រុម ត្រូវបន្ដខិតខំហ្វឹកហាត់ ដើម្បីត្រៀមលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលគ្រោងបើកការប្រកួតនាដើមខែក្រោយ។
ប៉ុន្ដែទោះជាបែបនេះក្ដី សម្រាប់មជ្ឈដ្ឋានទូទៅ ពិសេសអ្នកគាំទ្រក្លឹបក្នុងស្រុកនានា សុទ្ធតែបានចាត់ទុកក្រុមវិសាខា គឺជាក្រុមដ៏គ្រោះថ្នាក់មួយ សម្រាប់លីគរដូវកាលថ្មី ហើយអាចឈានទៅប្រជែងតំណែងជើងឯកទៀតផង បន្ទាប់ពីបានទស្សនាទម្រង់លេង និងលទ្ធផលរបស់ពួកគេ ក្នុងជំនួបមិត្តភាពជាមួយក្រុមធំៗ និងការប្រកួតមិត្តភាពនៅថៃកាលពីពេលថ្មីៗ ក្នុងនោះសូម្បីលោក រិទ្ធ ឌីកា អ្នកចាត់ការទូទៅក្រុមព្រះខ័នរាជស្វាយរៀង ក៏ទទួលស្គាល់សមត្ថភាព និងទម្រង់លេងរបស់ក្រុមជើងឯកលីគលំដាប់ទី២ ឆ្នាំ២០១៧ នេះផងដែរ៕