(ភ្នំពេញ)៖ អ្នកចាំទីដៃទី១ របស់ក្រុមចំណូលថ្មី វិសាខា កីឡាករ កែវ សុខសិលា បានបង្ហាញមោទនភាព ចំពោះខ្លួនឯងជាខ្លាំង ក្រោយសម្រេចក្ដីស្រម៉ៃលើវិថីបាល់ទាត់ បន្ទាប់ពីជម្នះអស់ពាក្យសំដីមើលងាយរបស់អ្នកជិតខាង ពិសេសការជម្នះពាក្យមើលងាយធ្ងន់ធ្ងរជា «ក្មេងជក់ម៉ា» ដើម្បីក្លាយជាអ្នកចាំទីឆ្នើមវ័យក្មេងម្នាក់នាពេលបច្ចុប្បន្ន។
កែវ សុខសិលា បានរៀបរាប់ថា ដោយក្ដីស្រលាញ់ និងចូលចិត្តបាល់ទាត់ ស្របពេលគ្រួសារមានជីវភាពខ្វះខាត ខ្លួនបានសម្រេចចិត្តតស៊ូជិះកង់ទៅហ្វឹកហាត់ដំបូងជាមួយក្រុមថ្នាលយុវជនរបស់ក្រុមភ្នំពេញក្រោន ទោះមានពាក្យសំដីមើលងាយជាបន្ដបន្ទាប់ក៏ដោយ។ ដោយភាពអត់ធ្មត់ និងតស៊ូប៉ុន្មានឆ្នាំក្រោយមកក្ដីស្រម៉ៃមួយនេះ បានក្លាយជាការពិតបន្ដិចម្ដងៗ រហូតបានក្លាយជាសមាជិកក្រុមធំរបស់ក្រុមភ្នំពេញក្រោន ក្នុងឆ្នាំ២០១៤ ទៀតផង។
កីឡាករវ័យ ២០ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំភ្នំពេញក្រោនបង្កើតក្រុមថ្នាល ខ្ញុំបានសុំទៅហ្វឹកហាត់ជាអ្នកចាំទី ក្នុងឆ្នាំ២០១១ ហើយខ្ញុំបានព្យាយាមធាក់កង់ពីផ្ទះទៅហ្វឹកហាត់រាល់ថ្ងៃ រហូតដល់ថ្ងៃមួយខ្ញុំនឿយហត់ខ្លាំង ស្របពេលមានការមើលងាយផងដែរ ក៏សម្រាកជិត ២ឆ្នាំ ទើបខ្ញុំទៅហាត់វិញ ដោយតាំងចិត្តយ៉ាងមុតមាំក្នុងការហ្វឹកហាត់ តាមរយៈការប្រមូលពាក្យមើលងាយទាំងអស់ សូម្បីពាក្យ «ក្មេងជក់ម៉ា» ដើម្បីជម្នះ រហូតទទួលបានជោគជ័យដល់បច្ចុប្បន្ន។ តែខ្ញុំមិនបានខឹងគេមើលងាយខ្ញុំទេ គឺខ្ញុំអរគុណគេវិញ បើមិនមានការមើលងាយ ក៏គ្មានខ្ញុំថ្ងៃនេះដែរ»។
សូមបញ្ជាក់ថា បច្ចុប្បន្ន កែវ សុខសិលា បានផ្លាស់មកលេងឲ្យក្រុមទើបឡើងមកពីលីគលំដាប់ទី២ វិសាខាហើយ ក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយនឹងតម្លៃខ្លួន និងប្រាក់ខែបិទជិត។ ក្រោយផ្លាស់មកក្លឹបថ្មី សិលា នៅតែមានជំនឿចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍សមត្ថភាព និងកសាងកេរ្ដិ៍ឈ្មោះ ដើម្បីស្វែងរកកៅអីអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាជាថ្មី៕
By: khmertalking
កីឡាករ កែវ សុខសិលា ជម្នះពាក្យ “ក្មេងជក់ម៉ា” រហូតក្លាយជាអ្នកចាំទីឆ្នើមម្នាក់
អត្ថបទទាក់ទង