ខ្សែបម្រើថៃ Chanathip Songkrasin ទីបំផុតបានរកបានគ្រាប់ទី ១របស់ខ្លួន ក្នុងថ្ងៃនេះ ឲ្យក្លឹបជប៉ុន Consadole Sapporo ពេលប៉ះជាមួយក្លឹប Cerezo Osaka ក្នុងលីគកំពូលជប៉ុន J1 League។
នៅនាទី ៦២ កីឡាករថៃវ័យ ២៤ឆ្នាំរូបនេះ បានធ្វើការតែតបញ្ចូលទី រកបាន ១គ្រាប់វិញឲ្យក្លឹប Consadole Sapporo បន្ទាប់ពីក្លឹបត្រូវបានក្លឹប Cerezo Osaka លត់ពីរគ្រាប់កាលពីវគ្គទីមួយ។ គ្រាប់នេះគឺគ្រាប់បាល់ដំបូងបង្អស់ដែលChanathip ធ្វើបានសម្រេចឲ្យក្លឹប គិតចាប់តាំងពីកីឡាករថៃបានមកចូលរួមជាផ្លូវការជាមួយក្លឹបក្នុងនាមជាកីឡាករខ្ចីជើងកាលពីខែកក្កដា ឆ្នាំ ២០១៧មក។
៧នាទីក្រោយពីគ្រាប់បាល់នោះ កីឡាករ Kazuki Fukai បានស៊ុតចូលមួយគ្រាប់ទៀតឲ្យ Consadole Sapporo ធ្វើឲ្យក្លឹបតាមបានស្មើ។ ការប្រកួតបានបន្តដោយមានការស៊ុតចូលគ្នាទៅវិញទៅមក ចំនួន២ គ្រាប់ក្នុងអំឡុងនាទី ៧០ ហើយក៏បានបញ្ចប់ក្នុងលទ្ធផល ៣ទល់នឹង ៣។
សូមបញ្ជាក់ផងដែរថា Chanathip ត្រូវបានក្លឹបជប៉ុន Consadole Sapporo ខ្ចីជើងពីក្លឹបថៃ SCG Muang Thong United រយៈពេល ១៨ខែ។ កីឡាករបានបង្ហាញខ្លួនឲ្យក្លឹបជិត ២០លើកហើយ៕
Via :news.sabay