ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) និងក្រុមវិសាខា ដែលកំពុងគ្រប់គ្រងលេងរៀងទី១ និងទី២ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ត្រូវបានគេមើលឃើញថា សុទ្ធតែអាចជួបបញ្ហា ក្នុងការការពារទីតាំងនេះ ដោយសារក្រុមទាំង២នេះ ត្រូវប្រឈមជាមួយក្រុមខ្លាំងដូចគ្នា ប៉ុន្តែក្រុមបឹងកេត ដែលកំពុងឈរ នៅលេខរៀងទី៣ អាចនឹងឈ្នះ បាន ៣ពិន្ទុបន្ថែមទៀត ក្នុងការប្រកួតលើកទី២នេះ។
ការលត់ក្រុមវេស្ទើន ៦-០ កាលពីសប្តាហ៍មុន បានជួយឲ្យក្រុមប៉ូលិស ឡើងទៅឈរនៅកំពូលតារាង ជាបណ្តោះអាសន្ន ដោយមាន៣ពិន្ទុ ប៉ុន្តែសម្រាប់ការប្រកួតលើកទី២នេះ ប៉ូលិស ត្រូវប្រឈមនឹងក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងស្រេកឃ្លានការឈ្នះ ក្រោយពួកគេបានត្រឹមស្មើ ០-០ ជាមួយក្រុមណាហ្គាវើល កាលពីសប្តាហ៍។
គេនៅមិនទាន់ច្បាស់ថា ក្រុមប៉ូលិស អាចនឹងបង្ហាញភាពខ្លាំង ជាបន្តទៀត ឬយ៉ាងណានោះទេ ប៉ុន្តែការជួបគ្នា កាលពីឆ្នាំមុន ប៉ូលិស បានចាញ់ក្រុមស្វាយរៀង ទាំង២ជើងជាមួយលទ្ធផល ៣-២ និង ៤-២ ហើយយោងតាមកម្រិតលេងរបស់ក្រុមស្វាយរៀង នៅពេលនេះ គឺប៉ូលិស អាចនឹងពិបាកក្នុងការស្វែងរកការឈ្នះ ដើម្បីរក្សាតំណែងកំពូលតារាងរបស់ពួកគេបានណាស់។
ចំណែកក្រុមវិសាខា ដែលបានលត់ក្រុមអគ្គិសនីកម្ពុជា ៤-០ កាលពីសប្តាហ៍មុន ដើម្បីឈរនៅលេខរៀងទី២នោះ ក៏អាចនឹងជួបការលំបាកផងដែរ ព្រោះលើកនេះ ពួកគេ ត្រូវធ្វើដំណើរទៅជួបក្រុមអង្គរថាយហ្គឺរ ដែលសម្បូរទៅដោយអ្នកគាំទ្រ ហើយខ្សែការពារជើងចាស់ទាំង២របស់ វិសាខា គឺ ទៀន ទីនី និង ម៉ែន សីហា ក៏មិនអាចជួយក្រុមលើកនេះ បានដែរ ព្រោះអ្នកទាំង២ ទើបទទួលបានកាតក្រហម កាលពីសប្តាហ៍មុន។
ដោយឡែក ក្រុមបឹងកេត ត្រូវបានគេមើលឃើញថា អាចមានភាគរយច្រើន ក្នុងការឈ្នះបាន៣ពិន្ទុបន្ថែម ព្រោះពួកគេត្រូវជួបក្រុមកំពុងឈរនៅបាតតារាង វេស្ទើន។ បើសិនជា ក្រុមវេស្ទើន មានទម្រង់លេងបែបទន់ជ្រាយ ដូចពេលពួកគេ ចាញ់ក្រុមប៉ូលិស ៦-០ នោះ គឺក្រុមមួយនេះ អាចនឹងទទួលភាពជូរចត់ជាថ្មីម្តងទៀត សម្រាប់ការជួបក្រុមបឹងកេត លើកនេះ។
ចំណែកក្រុមណាហ្គាវើល ក៏អាចមានលទ្ធភាពច្រើន ក្នុងការរកបាន៣ពិន្ទុ ជាលើកដំបូង ផងដែរ ដោយសារពួកគេ ត្រូវវិលទៅជួបក្រុមអគ្គិសនីកម្ពុជា ដែលប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធ។ រីឯក្រុមចំណូលថ្មី សូលទីឡូអង្គរ នៅមិនទាន់ប្រាកដថា អាចរកឃើញការឈ្នះឬយ៉ាងណានោះទេ ព្រោះក្រុមអាស៊ីអឺរ៉ុប ដែលពួកគេ ត្រូវជួបលើកនេះ ក៏មានទម្រង់លេងល្អគួរសមដែរ៕
កម្មវិធីប្រកួតចំនួន ៣គូ នៅថ្ងៃសៅរ៍
-ក្រុមវេស្ទើន v ក្រុមបឹងកេត នៅកីឡដ្ឋានវេស្ទើន ម៉ោង ៣:០០
-ក្រុមសូលទីឡូអង្គរ v ក្រុមអាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ ម៉ោង ៣:៣០
-ក្រុមទ័ព v ក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ ម៉ោង ៦:៣០
៣ប្រកួត ដែលត្រូវធ្វើនៅថ្ងៃអាទិត្យ
-ក្រុមអគ្គិសនីកម្ពុជា v ក្រុមណាហ្គាវើល នៅទីលានទួលសែនសុខ ម៉ោង ៣:៣០
-ក្រុមអង្គរថាយហ្គឺរ v ក្រុមវិសាខា នៅពហុកីឡដ្ឋានជាតិ ម៉ោង ៣:៣០
-ក្រុមប៉ូលិស v ក្រុមស្វាយរៀង នៅពហុកីឡដ្ឋានជាតិ ម៉ោង ៦:៣០