(ភ្នំពេញ)៖ សហព័ន្ធកីឡាតេក្វាន់ដូ WTF កម្ពុជា នៅរាត្រីថ្ងៃទី១៩ ខែមីនាម្សិលមិញ បានបញ្ជូនគ្រូបង្វឹក ២រូប និងកីឡាករ-កីឡាការិនី ៤នាក់ ទៅសិក្សាស្វែងយល់ពីវិញ្ញាសាតេក្វាន់ដូ WTF ថ្មី ដែលសាធារណរដ្ឋកូរ៉េ ទើបបង្កើតកាលពីឆ្នាំ២០១៧កន្លងទៅ ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អប្រសើរ សម្រាប់ចូលរួមការប្រកួតកីឡាអាស៊ី Asian Games 2018 នាទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីនាខែសីហាខាងមុខ។
លោក ហែម សំណាង អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកផងនោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនឡើងយន្ដហោះថា វិញ្ញាសាតេក្វាន់ដូថ្មី ដែលទើបបង្កើតរួមមាន Himchari, Saepyol, Bikak និងវិញ្ញាសា Nareasya ដែលវិញ្ញាសាទាំងនេះ នឹងត្រូវបញ្ចូលក្នុងវិញ្ញាសាប្រកួតកីឡាអាស៊ី Asian Games 2018 នៅឥណ្ឌូនេស៊ី។ ហេតុនេះហើយទើបកម្ពុជាបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទៅសិក្សាឲ្យបានស៊ីជម្រៅ នៅសាធារណរដ្ឋកូរ៉េ ដើម្បីត្រៀមខ្លួនឲ្យបានល្អប្រសើរ។
ការសិក្សានេះដែរ គឺមានរយៈពេល ១សប្ដាហ៍ បើគិតចាប់ពីថ្ងៃទី១៩ ខែមេសា ក្រោមការជួយជ្រោមជ្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីផងដែរ។ លោក ហែម សំណាង ថា យ៉ាងណាមិញកន្លងមកអត្តពលិកកម្ពុជា ធ្លាប់បានស្វែងយល់ និងប្រកួតខ្លះៗមកហើយ ពាក់ព័ន្ធនឹងវិញ្ញាសាថ្មីខាងលើ ហើយលោករំពឹងថា នៅ Asian Games 2018 ពួកគេនឹងធ្វើបានកាន់តែល្អ ដើម្បីស្វែងរកមេដាយជូនជាតិ៕
Via: khmertalking