ខ្សែប្រយុទ្ធឡើងទម្រង់លេង Harry Kane របស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតមិត្តភាពដ៏រំភើបចំនួន២ គឺជាការប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ និងក្រុមជម្រើសជាតិប្រេស៊ីល ដែលជាម្ចាស់ជើងឯក World Cup ៥សម័យកាល ដោយសារតែបញ្ហារបួសជង្គង់។

ខ្សែបម្រើ Harry Winks ដែលជាមិត្តរួមក្រុម Spurs របស់គេ ក៏បានអវត្តមានដោយសារតែបញ្ហារបួសកជើងផងដែរ ដែលនាំឲ្យកីឡាករជាច្រើនរបស់ក្លិបនេះ ត្រូវអវត្តមានក្នុងក្រុមជម្រើសជាតិ ស្របពេលតារាឆ្នើម Dele Alli បានដកខ្លួនរួចជាស្រេច។ ទាំង Kane និង Winks ដែលបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុម Spurs នៅរដូវកាលនេះ និងទទួលបានការកោះហៅឲ្យទៅលេងក្នុងក្រុមជម្រើសជាតិជាលើកទី១ របស់គេកាលពីខែមុននោះ សុទ្ធសឹងបានរងរបួសក្នុងពេលក្លិបរបស់ពួកគេបានទទួលជ័យជម្នះលើក្រុម Crystal Palace កាលពីថ្ងៃអាទិត្យ។

លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម Tottenham បានបញ្ជាក់ថា Winks ដែលត្រូវបានប្តូរចេញក្នុងតង់ទី១ ក្នុងពេលប្រកួតជាមួយនឹងក្រុម Crystal នោះ បានជួបបញ្ហារបួសកជើង។ បើយោងទៅតាមលោក Pochettino ខ្សែប្រយុទ្ធ Kane បានទទួលការព្យាបាលលើជង្គង់របស់ក្នុងតង់ទី១ និងត្រូវបានប្តូរចេញនៅនាទីទី៧៧ ដើម្បីការពារកុំឲ្យរងរបួសធ្ងន់។ លោក Gareth Southgate គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានធ្វើការកោះហៅកីឡាករ Jake Livermore បើទោះបីក្លិប West Brom របស់ខ្សែបម្រើរូបនេះ បានធ្លាក់ចុះទម្រង់លេង ក្រោយពីមិនស្គាល់ឈ្នះសោះពីការប្រកួត ១០លើកចុងក្រោយរបស់ពួកគេក៏ដោយ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia