ក្លិបញញួរធំ West Ham បានតែងតាំងលោក David Moyes ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Everton និង Manchester United ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ កាលពីថ្ងៃអង្គារ ក្រោយពីការបណ្តេញលោក Slaven Bilic ចេញពីតំណែង បន្ទាប់ពីជួបលទ្ធផលមិនល្អជាបន្តបន្ទាប់ដែលបានធ្វើឲ្យក្លិបនេះស្ថិតក្បែរតំបន់កាត់ចោលនៃក្របខ័ណ្ឌ Premier League។
David Moyes
ក្លិបញញួរធំមួនេះ បានចែកផ្លូវជាមួយនឹងលោក Bilic កាលពីរថ្ងៃចន្ទ ពោលគឺរយៈពេល២ថ្ងៃ ក្រោយពីពួកគេបានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-១ ក្រោមស្នាដៃក្រុម Liverpool ដែលនាំឲ្យសហប្រធានក្លិបលោក David Sullivan និង David Gold ជឿជាក់ថា ក្លិបនេះត្រូវតែមានការផ្លាស់ប្តូរទិសដៅដើម្បីបញ្ចប់ភាពត្រដាបត្រដួស។

ក្លិប West Ham ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១៨ ក្រោយពីដណ្តើមបានជ័យជម្នះតែ២លើកគត់ពីការប្រកួត១១លើកនោះ នឹងពឹងផ្អែកទៅលើសមត្ថភាពរបស់លោក Moyes ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ដើម្បីជួយឲ្យពួកគេគេចផុតពីគ្រោះថ្នាក់ បើទោះបីមានកំណត់ត្រាមិនល្អនាពេលថ្មីៗនេះក្នុងតួនាទីដឹកនាំរបស់លោកក៏ដោយ។ លោក Moyes ដែលបាននិយាយថា លោកមានសមត្ថភាពក្នុងការបង្ហាញនោះ ត្រូវបានផ្តល់កិច្ចសន្យាជាបឋមចំនួន៦ខែ និងមានតួនាទីត្រូវជួយឲ្យក្លិប West Ham គេចឲ្យផុតពីតំបន់កាត់ចោល ហើយអនាគតរបស់លោក នឹងត្រូវវាយតម្លៃនៅចុងរដូវកាលនេះ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia