ខ្សែការពារ Chris Basham របស់ក្លិប Sheffield United សម្តែងនូវការព្រួយបារម្ភថា ការអនុញ្ញាតឲ្យប្រើប្រាស់កីឡាករបម្រុងចំនួន៥នាក់សម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ នឹងផ្តល់ការមានប្រៀបដល់ក្លិបធំៗក្នុងក្របខ័ណ្ឌ Premier League។

ក្រុម Sheffield United របស់លោក Chris Wilder កំពុងតែប្រជែងយកៅអីក្នុងក្របខ័ណ្ឌ Champions League នៅពេលដែលក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃពុធ សប្តាហ៍នេះ ដោយក្រុម Sheffield United នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Aston Villa។

ប៉ុន្តែ កង្វល់ផ្សេងៗជុំវិញពីបញ្ហារបួសកីឡាករ ដោយសារតែការផ្អាកការប្រកួតដ៏យូរអង្វែង បានធ្វើឲ្យអាជ្ញាធរគ្រប់គ្រងកីឡាបាល់ទាត់ អនុញ្ញាតឲ្យផ្លាស់ប្តូរកីឡាករបម្រុង៥នាក់ ច្រើនជាងចំនួនជាធម្មតាដែលអនុញ្ញាត្យប្តូរត្រឹមតែកីឡាករ៣នាក់។

ការផ្លាស់ប្តូរច្បាប់នេះ បាននាំឲ្យមានការពិភាក្សាទូទាំងអឺរ៉ុបដើម្បីវិភាគថា វាជាគំនិតល្អ ឬអត់។ Basham ដែលក្រុមរបស់ខ្លួនកំពុងតែដេញតាមពីក្រោយក្រុមឈរលេខ៤ Chelsea ចំនួន៥ពិន្ទុ កំពុងតែបារម្ភថា ច្បាប់ថ្មីរបស់ FIFA នេះ ដែលត្រូវបានបង្កើតឡើងដើម្បីជួយឲ្យក្លិបគ្រប់គ្រងកម្មវិធីប្រកួតដ៏មមាញឹកកាន់តែល្អប្រសើរ នឹងផ្តល់ការមានប្រៀបដល់ក្លិបធំៗ។

Basham បានប្រាប់វិទ្យុ BBC កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំគិតថា បញ្ហាកីឡាករបម្រុង នឹងផ្តល់ផលប៉ះពាល់ដល់យើងបន្តិច ពីព្រោះយើងមិនមែនជាក្រុមខ្លាំងដូចក្រុមកំពូលទាំង៦ឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia