ក្រុម Bayern Munich នៅតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពាន២ក្នុងរដូវកាលតែ១ ក្រោយពីក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Bundesliga មួយនេះ បានយកឈ្នះលើក្រុម Eintracht Frankfurt ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពាន German Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធ នៅក្នុងកីឡដ្ឋានដែលគ្មានអ្នកទស្សនា ស្របពេលដែលក្រុមទាំង២ សុទ្ធសឹងសម្តែងការគាំទ្រដល់ចលនា Black Lives Matter (បញ្ហាជីវិតរបស់អ្នកមានស្បែកខ្មៅ)។
គ្រាប់បាល់បើឆាករបស់ក្រុម Bayern តាមរយៈខ្សែប្រយុទ្ធ Ivan Perisic ត្រូវបានតាមស្មើនៅពាក់កណ្តាលតង់ទី២ ដោយកីឡាករ Danny da Costa របស់ក្រុម Frankfurt ក្រោយពីចូលលេងបានត្រឹមតែ៣នាទី នាកីឡដ្ឋាន Allianz Arena។ ប៉ុន្តែ ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធ Robert Lewandowski បានកាត់សេចក្តីក្នុងការប្រកួតនេះ តាមរយៈការរកគ្រាប់បាល់ឈ្នះនៅរយៈពេល១៦នាទីចុងក្រោយ ដើម្បីរកគ្រាប់បាល់ទី៤៥របស់គេ នៅរដូវកាលនេះ ក្នុងរាល់យុទ្ធនាការទាំងអស់។
Bayern នឹងត្រូវទៅជួបក្រុម Bayer Leverkusen ដែលបានផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៤ Saarbruecken ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអង្គារ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Olympic ក្នុងទីក្រុងប៊ែរឡាំង នៅថ្ងៃទី៤ ខែកក្កដា។
ខ្សែប្រយុទ្ធ Thomes Mueller ដែលជាអ្នកជួយឲ្យ Perisic រកបានគ្រាប់បាល់បើកឆាក បានឲ្យដឹងថា៖ «យើងមិនតែងតែធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវឡើយក្នុងតំបន់ប្រយុទ្ធនោះ។ យើងគួរតែរកបានគ្រាប់បាល់បញ្ចូលទីពី៣ ទៅ៤គ្រាប់ នៅពាក់កណ្តាលតង់ ដែលនឹងធ្វើឲ្យការប្រកួតរបស់យើងកាន់តែងាយស្រួល»៕
អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia