លោក Joachim Loew បានបញ្ជាក់ថា លោកនឹងធ្វើការត្រួតពិនិត្យទៅលើការជ្រើសរើសកីឡាករសម្រាប់ World Cup តាមរយៈការបញ្ចូលកីឡាករមានបទពិសោធក្នុងជម្រើសទាំង១១នាក់ដំបូងរបស់លោក នាកីឡដ្ឋាន Wembley នារាត្រីថ្ងៃសុក្រនេះ នៅពេលដែលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ជួបជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតមិត្តភាព។

ខណៈដែលនៅសល់រយៈពេល ៧ខែទៀតនឹងឈានដល់យុទ្ធនាការ World Cup ក្នុងប្រទេសរុស្ស៊ី លោក Loew ចង់ធានាថា លោកអាចធ្វើការត្រួតពិនិត្យរាល់ជម្រើសផ្សេងៗបាន។ គ្រូបង្វឹករូបនេះនឹងប្រើប្រាស់ការប្រកួតជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស និងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិបារាំង នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីផ្តល់ឱកាសឲ្យកីឡាកររបស់លោកបង្ហាញពីសមត្ថភាពរបស់ពួកគេ។ លោក Loew បានឲ្យដឹងថា៖ «Wembley ពិតជាកន្លែងដ៏ពិសេសមួយ យើងដឹងថា កីឡដ្ឋាននេះនឹងមានអ្នកទស្សនាសរុប៩ម៉ឺននាក់ ហើយយើងកំពុងតែសម្លឹងឆ្ពោះទៅកាន់ការប្រកួតនេះ»។

គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «ម្យ៉ាងវិញទៀត យើងចង់មានការប្រកួតដ៏ល្អ ហើយលទ្ធផលនឹងត្រូវយកចិត្តទុកដាក់ខ្លាំង។ យើងកំពុងតែស្ថិតក្នុងដំណាក់កាលនៃការសាកល្បង ហើយខ្ញុំមិនត្រឹមតែចង់ឃើញកីឡាករដែលបានលេងជាច្រើនជាមួយនឹងយើងនាពេលថ្មីៗនេះនោះឡើយ ប៉ុន្តែ ក៏ចង់ឃើញកីឡាករផ្សេងទៀតដែរ»។ លោក Loew បានបន្ថែមទៀតថា៖ «កីឡាករខ្លះមានភាពជាក់លាក់រួចជាស្រេចក្នុងក្រុម World Cup ប្រសិនបើពួកគេមិនមានបញ្ហារបួសទេនោះ។ Mats Hummels, Toni Kroos និងកីឡាករផ្សេងទៀត សុទ្ធសឹងជាឆ្អឹងខ្នងនៃក្រុមនេះ និងជាអ្នកដឹកនាំរបស់យើង»។

ស្របពេលដែលក្រុមជម្រើសជាតិអង់គ្លេស បានជួបការខកចិត្តដោយសារតែការអវត្តមានរបស់តារាឆ្នើមៗជាច្រើន ក្រុមម្ចាស់ជើងឯកពិភពលោកអាល្លឺម៉ង់ ក៏នឹងត្រូវអវត្តមានកីឡាករជាច្រើនផងដែរដូចជា Thomas Mueller, Manuel Neuer និង Jerome Boateng ដោយសារតែបញ្ហារបួស។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport24