លោក Michael O’Neill គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ខាងជើង បាននិយាយថា លោកពិតជាខកចិត្ត និងស្រឡាំងកាំង ដោយសារតែការសម្រេចចិត្តផ្តល់បាល់ប៉េណាល់ទីយ៉ាងចម្រូងចម្រាស់ ដែលបានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស ទទួលជ័យជម្នះ ១-០ ក្នុងការប្រកួត World Cup វគ្គ Playoff ជើងទី១ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមជម្រើសជាតិស្វ៊ីសរបស់លោក Vladimir Petkovic បានគ្រប់គ្រងការប្រកួតនេះក្រោមដំណក់ទឹកភ្លៀងនៅកីឡដ្ឋាន Belfast ប៉ុន្តែ បានខ្ជះខ្ជាយឱកាសជាច្រើន។ ពេលវេលាដ៏សំខាន់នៃការប្រកួតនេះ បានកើតឡើង ក្នុងពេលនៅសល់រយៈពេលកន្លះម៉ោងចុងក្រោយ នៅពេលដែលការស៊ុតបាល់សំដៅទីរបស់កីឡាករ Xherdan Shaqiri ត្រូវបានរារាំងដោយខ្សែការពារ Corry Evans ក្នុងប្រអប់គ្រោះថ្នាក់ ហើយលោកអាជ្ញាកណ្តាលបានចង្អុលបាល់ប៉េណាល់ទីភ្លាមៗ ទោះបីរូបគេហាក់ដូចជាបានប៉ះបាល់ទៅនឹងស្មារបស់គេក៏ដោយ។ ខ្សែការពារ Ricardo Rodriguez បានស៊ុតបាល់ប៉េណាល់ទីនោះចូលទីយ៉ាងល្អ តាមរយៈការធ្វើឲ្យអ្នកចាំទី Michael McGovern លោតខុសទិសដៅ ហើយធ្វើអោយស្វ៊ីស ដណ្តើមបានប្រៀបដើម្បីនាំយកទៅកាន់ការប្រកួតជើងទី២។

លោក O’Neill ដែលបច្ចុប្បន្នត្រូវតែដឹកនាំក្រុមរបស់លោកទៅកាន់ការប្រកួតជើងទី២ ក្នុងទីក្រុង Basel នៅថ្ងៃអាទិត្យ ខាងមុខនេះ បាននិយាយទាំងខឹងសម្បាថា៖ «អាជ្ញាកណ្តាលមិនបានឃើញសកម្មភាពនោះឲ្យបានច្បាស់លាស់ឡើយ»។


ដោយឡែក នៅក្នុងទីក្រុង Zagreb ឯនោះវិញ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី បានកត់ត្រាជ័យជម្នះយ៉ាងងាយក្នុងលទ្ធផល ៤-១ លើក្រុមជម្រើសជាតិក្រិក ដើម្បីខិតយ៉ាងប្រកៀកក្នុងការឈានទៅប្រកួតជុំផ្តាច់ព្រ័ត្រ នៅប្រទេសរុស្ស៊ី នាឆ្នាំក្រោយ។ លោក Zlatko Dalic គ្រូបង្វឹករបស់ក្រូអាស៊ី បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ HRT ថា៖ «វាជាការប្រកួតដ៏អស្ចារ្យមួយ។ ប៉ុន្តែ នេះគ្រាន់តែជាតង់ទី១ប៉ុណ្ណោះ យើងមិនគួរសម្រាកឡើយ។ គ្មានអ្វីដែលបញ្ចប់ឡើយ»៕

ទស្សនាវីឌីអូហាយឡាយការប្រកួត អៀរឡង់ខាងជើង និង ស្វ៊ីស ទាំងអស់គ្នា ៖


កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia