អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man.United Cristiano Ronaldo បានចាកចេញពីទីក្រុងកំណើតគឺក្រុង Madeira ដើម្បីទៅចូលរួមជាមួយជាមួយក្រុម Sporting Lisbon នៅពេលដែលរូបគេទើបតែមានអាយុ 11ឆ្នាំ។ កំពូលខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្រុមស្តេចស Real Madrid រូបនេះបានបានបង្ហើបប្រាប់ថា៖ រូបគេតែងតែ ដេកយំរៀងរាល់រាត្រីក្រោយពីការចាកចេញពីគ្រួសារដើម្បីបន្តការប្រកបអាជីពជាមួយក្លឹបបាល់ទាត់ដ៏ល្បីៗកន្លងមក។

ខ្សែប្រយុទ្ធឆ្នើមពានរង្វាន់បាល់មាស 4សម័យរូបនេះបានចាត់ទុកថា លើវិថីទម្រាំមានថ្ងៃនេះ គឺពិតជាពិបាក និងត្រូវឆ្លងកាត់ឧបសគ្គដ៏ច្រើនរាប់មិនអស់។ កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ 32ឆ្នាំរូបនេះបានសរសរនៅលើ Players’ Tribune ដោយសង្កត់ន័យលើកីឡាបាល់ទាត់បានផ្តល់អោយខ្ញុំគ្រប់បែបយ៉ាង ប៉ុន្តែវាបានធ្វើអោយខ្ញុំឃ្លាតចាកឆ្ងាយគ្រួសារយ៉ាងសង្វេគ។ នៅពេលដែលខ្ញុំមានវ័យទើបតែ 11ឆ្នាំខ្ញុំបានចាកចេញពីប្រជុំកោះ Meidera ដែលជាទីកំណើតហើយវាពិតជារឿងដែលពិបាកបំផុតក្នុងជិវិតរបស់ខ្ញុំ។

កីឡាករមានកូន 3រូបនេះបន្ថែមថា៖ វាពិតជារឿងដ៏ឆ្កួតណាស់សម្រាប់ខ្ញុំដែលនៅតែគិតដល់រឿងនោះ បើទោះបីជាពេលនេះ កូនប្រុសខ្ញុំ Cristiano Jr គេមានវ័យ 7ឆ្នាំហើយ។ រ៉ូណាដូបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករលំដាប់កំពូលលើលោកក្រោយផ្ទេរមកលេងនៅក្រុម Man.United កាលពីឆ្នាំ2003 និងបានផ្ទេរទៅក្រុមស្តេចស Real Madrid នៅឆ្នាំ2009 មកដល់ពេលបច្ចុប្បន្ននេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Thesun