លោក Michael O’Neill អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ខាងជើង បានសម្តែងនូវការសោកស្តាយចំពោះការផ្តល់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស់កាលពីជើងទី១ ដែលនាំឲ្យក្តីសុបិនក្នុងការឈ្នះសិទ្ធិទៅ World Cup របស់ក្រុមលោក បញ្ចប់ជាមួយនឹងការរងបរាជ័យទាំងពីរជើង ១-០ ក្រោមស្នាដៃក្រុមជម្រើសជាតិស្វ៊ីស ក្នុងការប្រកួតវគ្គ Playoff កាលពីថ្ងៃអាទិត្យ។

រស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Ricardo Rodriguez ក្នុងទីក្រុង Belfast កាលពីថ្ងៃព្រហស្បតិ៍ បានក្លាយជាចំណុចកាត់សេចក្តីរវាងក្រុមទាំងពីរ ខណៈដែលក្រុមជម្រើសជាតិស្វ៊ីស បានធ្វើការការពារយ៉ាងរឹងមាំក្រោមការវាយសម្រុកយ៉ាងខ្លាំងនៅជិតបញ្ចប់ការប្រកួតពីសំណាក់ក្រុមអៀរឡង់ខាងជើង ក្នុងការប្រកួតជើងទី២ ក្នុងទីក្រុង Basel ក្រោមលក្ខខណ្ឌដ៏លំបាក បន្ទាប់ពីមានភ្លៀង។

លោក O’Neill បាននិយាយថា កីឡាកររបស់លោកនឹងនៅតែមានអារម្មណ៍ខកចិត្ត ក្រោយពីការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាលសញ្ជាតិរូម៉ានី Ovidiu Hategan ក្នុងការផ្តល់បាល់ប៉េណាល់ទីទៅឲ្យក្រុមស្វ៊ីស នៅពេលដែលការស៊ុតបាល់របស់ខ្សែបម្រើ Xherdan Shaqiri បានរត់ទៅប៉ះស្មារបស់ខ្សែការពារ Corry Evans ក្នុងប្រអប់គ្រោះថ្នាក់។ ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងជើងទី២ លោក O’Neill បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ទីបំផុត យើងបានធ្លាក់ចេញដោយសារតែការកាត់សេចក្តីមិនល្អក្នុងជើងទី១»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ប្រសិនបើវាមិនមានគ្រាប់បាល់ប៉េណាល់ទីនោះទេ យើងនឹងលេងនៅនាទីបន្ថែម១៥នាទីពីរដង។ កីឡាករនឹងចងចាំចំពោះការបង្ហាញពីទម្រង់លេងនៅរាត្រីនេះ។ វាពិតជារឿងដ៏គួរឲ្យសោកស្តាយក្នុងការចាញ់។ យើងត្រូវតែបន្តការដើរទៅមុខ»៕

ទស្សនាវីឌីហាយទាំងអស់គ្នា ៖​​ ប្រភព៖ Channel News Asia

ប្រភពពី: Cambosport