ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី បានឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៨ កាលពីថ្ងៃអាទិត្យ តាមរយៈការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី២ នៃវគ្គ Playoff របស់ពួកគេ ក្នុងទីក្រុង Piraeus ដើម្បីទទួលជ័យជម្នះទាំងពីរជើង ៤-១។

ក្រុមរបស់លោក Zlatko Dalic នឹងឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី៥របស់ពួកគេក្នុងប្រទេសរុស្ស៊ី នៅឆ្នាំក្រោយ ក្រោយពីខកខានមួយលើកកាលពីឆ្នាំ២០១០។ ការមានតំបន់ការពារយ៉ាងរឹងមាំ ជាពិសេសក្នុងតង់ទី២ គ្រប់គ្រាន់សម្រាប់ក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងការចាកចេញពីកីឡដ្ឋាន Karaisiakis ជាមួយនឹងការទទួលជ័យជម្នះយ៉ាងកក់ក្តៅក្នុងការប្រកួតពីរជើង ក្រោយពីដណ្តើមបានជ័យយជម្នះ ៤-១ កាលពីថ្ងៃព្រហស្បតិ៍។

លោក Michael Skibbe គ្រូបង្វឹកនៃក្រុមជម្រើសជាតិក្រិក បានលុបចោលកីឡាកររបស់លោកពាក់កណ្តាលពីក្រុមដែលបានចាញ់ក្នុងការប្រកួតជើងទី១ក្នុងទីក្រុង Zagreb ហើយការវិលត្រឡប់របស់ខ្សែការពារ Kostas Manolas របស់ក្លិប Roma បានផ្តល់ការលំបាកដ៏ធំដល់ខ្សែប្រយុទ្ធ Nikola Kalinic របស់ក្រូអាស៊ី។ សម្រាប់រយៈពេល៣០នាទីដំបូង ក្រុមជម្រើសជាតិក្រិកបានគ្រប់គ្រងស្ទើរតែទាំងស្រុង ប៉ុន្តែ បើទោះបីខ្សែការពារ Sokratis Papastathopoulos របស់ក្លិប Borussia Dortmund និងខ្សែប្រយុទ្ធ Anastasios Bakasetas របស់ក្លិប AEK Athens មានឱកាសស៊ុតបាល់សំដៅទីយ៉ាងល្អក៏ដោយ ក្រុមម្ចាស់ផ្ទះនៅតែមិនអាចរកគ្រាប់បាល់បើកឆាកបាន៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Worldsoccertalk