បើទោះបីជាវីរនារីកីឡាប៉េតង់ កែ ឡេង និងប្រតិភូកីឡាប៉េតង់កម្ពុជា នាំយកមេដាយមាស និងមេដាយសំរឹទ្ធ ដែលដណ្តើមបានពីការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក (Petanque World Championships 2017) នៅទីក្រុង Kaihua ប្រទេសចិន មកដល់កម្ពុជា នៅយប់ម៉ោង ១១:១៥ ថ្ងៃនេះ ប៉ុន្តែក្បួនម៉ូតូធំចំនួន១២គ្រឿង នឹងនៅតែរង់ចាំដង្ហែរអ្នកស្រី កែ ឡេង ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដូចសព្វដង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែងប្រាប់ថា៖ «អ្នកស្រី កែ ឡេង និងប្រតិភូ នឹងមកដល់កម្ពុជា នៅយប់ម៉ោង ១១:១៥ ថ្ងៃចន្ទនេះ ហើយយើងនៅតែមានរៀបចំក្បួនដង្ហែរអមដោយម៉ូតូធំ ១២គ្រឿង ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយកាត់ផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ រួចមកជួបជុំគ្នានៅទីស្នាក់ការ NOCC ដូចសព្វដង ព្រោះយើងបានទទួលអនុសាសន៍ពីសម្តេចឲ្យមានការរៀបចំក្បួនដង្ហែរនេះរួចហើយ»។

ការការពារមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុជាលើកទី៣ នេះ បានធ្វើឲ្យកំណត់ត្រារបស់អ្នកស្រី កែ ឡេង នៅពេលនេះស្មើទៅនឹងកីឡាការិនី Angelique Papon របស់បារាំង ដែលធ្លាប់ឈ្នះបានមេដាយមាសពិភពលោក ៣ជំនាន់ជាប់ៗគ្នាដែរ គឺលើកទី១ នៅឆ្នាំ២០០៥ លើកទី២ ឆ្នាំ២០០៧ និងលើកទី៣ នៅឆ្នាំ២០០៩។

លោក វ៉ាត់ ចំរើន បានចាត់ទុកការឈ្នះមេដាយមាសពិភពលោកជាលើកទី៣ របស់វីរនារី កែ ឡេង គឺជាមរតកកម្រនឹងកើតមាននៅក្នុងការប្រកួតកីឡា។ លោក បានបញ្ជាក់ថា៖ «ជ័យជម្នះរបស់គាត់ គួរទុកជាមរតក ដើម្បីរក្សានូវកំណត់ត្រារបស់គាត់ ហើយសហព័ន្ធ ត្រូវខំប្រឹងយកចិត្តទុកដាក់ផ្នែកយុទ្ធសាស្រ្ត និងបង្កើនការថ្នាក់ថ្នមបន្ថែមទៀត ពេលគាត់នៅមានភាពរឹងមាំបែបនេះ ព្រោះការឈ្នះមេដាយមាស ៣ជំនាន់ជាប់ៗគ្នា វាកម្រនឹងរកបានណាស់»។

ចំណែកការប្រកួតជាក្រុមវិញ អ្នកស្រី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ, អ៊ិន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម(បម្រុងម្នាក់) បានចាញ់ក្រុមនារីរបស់បារាំង ជាមួយពិន្ទុ ១៣-៨ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺបន្ទាប់ពីឈ្នះក្រុមប៉ូឡូញ ១៣-៥ ក្នុងវគ្គចែកពូល ឈ្នះក្រុមដាណឺម៉ាក ១៣-០ ក្នុងវគ្គ១៦ក្រុម និងឈ្នះក្រុមជប៉ុន ១៣-៣ ក្នុងវគ្គ៨ក្រុម។ លទ្ធផលនេះបានធ្វើឲ្យក្រុមកម្ពុជា ឈ្នះបានត្រឹមមេដាយសំរឹទ្ធ បន្ថែមទៅលើការឈ្នះមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ៕
ប្រភពពី: Cambosport