លោក Southgate ក្រើនរំលឹកអ្នកចាំទី Joe Hart អោយព្យាយាមដើម្បីមានកន្លែងក្នុងក្រុមជម្រើសជាតិ។ គ្រូបង្វឹកក្រុមតោកំណាច​អង់គ្លេស​លោក Gareth Southgate បានដាស់តឿនដល់កីឡាករអ្នកចាំទី Joe Hart បច្ចុប្បន្នលេងអោយក្រុមញញួរធំ West Ham United ជាលក្ខណៈខ្ចីជើង អោយខិតខំប្រឹងប្រែងហ្វឹកហាត់ និង ព្យាយាមលេងដើម្បីធ្វើយ៉ាងណាធានាបានកន្លែងមួយក្នុងក្រុមជម្រើសជាតិ ត្រៀមសម្រាប់ព្រឹត្តការណ៏ World Cup 2018 នៅប្រទេសរុស្សីនាឆ្នាំក្រោយនេះ បន្ទាប់ពីកីឡាករមិត្តរួមជាតិពីររូបផ្សេងទៀតក៏ធ្វើបានល្អផងដែរក្នុងការប្រកួតកន្លងមក។

អ្នកចាំទីវ័យ 23ឆ្នាំរបស់ក្រុម Everton កីឡាករ Jordan Pickford ត្រូវបានលោក Southgate កោតសរសើរបន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងល្អ អោយក្រុមជម្រើសជាតិក្នុងជំនួបមិត្តភាពស្មើគ្នា 0:0 ជាមួយក្រុមជើងឯក World Cup 2014 គឺឥន្រ្ទីយ៏ដែក អាឡឺម៉ង់ គឺរូបគេធ្វើបាន Clean Sheet នាកីឡាដ្ឋាន Wembley។ រីឯអ្នកចាំទី Jack Budland របស់ក្រុម Stoke City វិញ ក៏បានបង្ហាញទម្រង់លេងល្អដូចគ្នាដែរក្រោយជាពីរបួសបាក់ម្រាមដៃកន្លងមក។ Hart បានក្លាយជាកីឡាករអ្នកចាំទីដៃទី1 គិតចាប់តាំងពីការប្រកួត World Cup 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Fabio Capello ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Thesun