ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានខកខានក្នុងការឈានទៅប្រកួត World Cup ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៥៨ កាលពីថ្ងៃចន្ទ ខណៈដែលពួកគេត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី២ នៃវគ្គ Playoff របស់ពួកគេ នាកីឡដ្ឋាន San Siro ជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ដែលបានឈ្នះកៅអីទៅជុំផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះទាំងពីរជើង ១-០។

ក្រុមម្ចាស់ជើងឯកពិភពលោកបួនសម័យកាលមួយនេះ បានធ្វើការគ្រប់គ្រងស្ទើរតែទាំងស្រុង ប៉ុន្តែមិនបានបង្កើតឱកាសឲ្យគ្រប់គ្រាន់ឡើយ ខណៈដែលស៊ុយអែត បានឈ្នះសិទ្ធិទៅបង្ហាញខ្លួនក្នុងជុំផ្តាច់ព្រ័ត្រជាលើកទី១ របស់ពួកគេ ចាប់តាំងពីឆ្នាំ២០០៦ តាមរយៈគ្រាប់បាល់បញ្ចូលទីកាលពីជើងទី១ របស់កីឡាករ Jakob Johansson ក្នុងទីក្រុង Stockholm។ បើទោះបីស្ថិតពីមុខអ្នកគាំទ្រដល់ទៅ ៧៤០០០នាក់នាកីឡដ្ឋាន San Siro ក៏ដោយ ប៉ុន្តែម្ចាស់ជើងឯក World Cup ឆ្នាំ២០០៦ មួយនេះ មិនបានស្វែងរកផ្លូវទៅវគ្គបន្តបានឡើយ។

វាជាលើកទី៣ហើយដែលអ៊ីតាលី នឹងអវត្តមានក្នុងយុទ្ធនាការ World Cup ក្រោយពីមិនបានចូលរួមក្នុងព្រឹត្តិការណ៍ជាលើកដំបូងកាលពីឆ្នាំ១៩៣០ និងមិនបានឈ្នះកៅអីទៅប្រកួតក្នុង World Cup ឆ្នាំ១៩៥៨ នៅប្រទេសស៊ុយអែត។ វាបង្ហាញពីការបញ្ចប់យុគសម័យកាលមួយសម្រាប់អ្នកចាំទីជើងចាស់ Gianluigi Buffon ដែលនឹងមិនអាចចូលប្រកួតក្នុង World Cup ជាលើកទី៦របស់គេឡើយ។ ស្ថិតក្នុងវ័យ ៣៩ឆ្នាំ Buffon ដែលបានបង្ហាញខ្លួនជាអន្តរជាតិ ១៧៥លើក បានប្រកាសថា ជុំផ្តាច់ព្រ័ត្រនៅរុស្ស៊ី នឹងក្លាយជាការបង្ហាញខ្លួនជាលើកចុងក្រោយរបស់គេក្នុងនាមជាកីឡាករសម្រាប់ក្រុមជម្រើសជាតិ។ ខណៈដែលរូបគេបានប្រកាសថា គេនឹងបញ្ចប់អាជីពអន្តរជាតិរបស់គេ Buffon បានប្រាប់ទូរទស្សន៍ Rai ទាំងទឹកភ្នែកថា៖ «ខ្ញុំពិតជាសោកស្តាយណាស់»៕
វីឌីអូហាយឡាយការប្រកួតរវាង អ៊ីតាលី និង ស៊ុយអែត ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia