ក្លឹបការពារតំណែងជើងឯក La Liga គឺក្រុម Real Madrid អាចនិងត្រូវអវត្តមានកីឡាករនាំលេង Isco Alacon ដ៏សំខាន់សម្រាប់ការប្រកួតប្រជែងលីកកំពូលប្រចាំសប្តាហ៏ជាមួយក្លឹបរួម ទីក្រុងតែមួយ (Derby)គឺក្លឹប Atletico Madrid នៅថ្ងៃសៅរ៍ទី18 ខែវិច្ឆិកា ឆ្នាំ2017 ក្រោយមានការប៉ះទង្គិចជាមួយកីឡាករ Kendall Watson ហើយបានរងរបួស ពេលជំនួបមិត្តភាពក្រុមអេស្បាញផ្តួលក្រុម កូស្តារីកា ដោយលទ្ធផល 5:0 នៅថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2017 កន្លងមកនេះ។

ខ្សែបម្រើវ័យ 25ឆ្នាំរូបនេះ ត្រូវបានប្តូរចេញជំនួសដោយកីឡាករ Marco Asensio នៅនាទីទី65 ហើយយោងការចុះផ្សាយរបស់ AS បានបន្ថែមថា៖ Isco អាចនឹងអវត្តមានក្នុងជំនួបជាមួយរុស្សីនាយប៉ថ្ងៃទី14 ឈានថ្ងៃទី15ចូលនេះ ហើយនឹងខកខានសម្រាប់ការប្រកួតនៅ La Liga ផងដែរ ស្របពេលសាមីខ្លួនកំពុងត្រូវបានក្រុមគ្រូពេទ្យព្យាបាល និងតាមដានយ៉ាងយកចិត្តទុក ពីស្ថានភាពជម្ងឺនាពេលនេះ។

Isco អតីតខ្សែបម្រើក្រុម Malaga រូបនេះ បានអភិវឌ្ឍខ្លួននៅរយៈពេល 2ឆ្នាំចុងក្រោយនេះ ក្លាយជាកីឡាករដ៏មានសក្តានុពល របស់អ្នកចាត់ការទូទៅ Zinedine Zidane។ សម្រាប់រដូវកាល(2017-2018) នេះ រូបគេមានវត្តមាន 17ប្រកួតស៊ុតបញ្ចូលទីបាន 5គ្រាប់ និងចែកបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល 4ដងផងដែរ។ បច្ចុប្បន្នក្រុម Real Madrid តាមពីក្រោយក្រុមកំពូលតារាងគឺ Barcelona ចំនួន 11ពិន្ទុ ហើយវាជាផលប៉ះពាល់មួយសំខាន់ផងដែរសម្រាប់របួសរបស់ Isco ស្របពេលកីឡាករឆ្នើមមួយរូបទៀតគឺ Gareth Bale ក៏មានបញ្ហារបួសដូចគ្នានេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail