លោក Gian Piero Ventura គ្រូបង្វឹកបង្គោលក្រុមជម្រើសជាតិអ៊ីតាលី បានបដិសេធការលើកឡើងថា គាត់បានសុំលាឈប់ពីក្រុមជម្រើសជាតិអ៊ីតាលីក្រោយជួបរឿងខកចិត្ត មិនបានដឹកនាំក្រុមមានកៅអីទៅលេងនៅ World Cup 2018 នៅប្រទេសរុស្សីនាឆ្នាំក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយពត៌មានក្នុងប្រទេសអ៊ីតាលីមួយចំនួនបានសរសេរថាៈ៖ គ្រូបង្វឹកលោក Ventura បានលាឈប់ពីក្រុមជម្រើសជាតិហើយក្រោយពីក្រុមអសូរីអ៊ីតាលីប្រកួតបានត្រឹមតែ 0:0 ជាមួយក្រុមស៊ុយអ៊ែត នៅជើងទីពីរកាលពីយប់ថ្ងៃច័ន្ទកន្លងមកនេះ។ ប៉ុន្តែអ្នកចាត់សញ្ជាតិអ៊ីតាលីរូបនេះនិយាយថា៖ រូបលោកគួរពិភាក្សាជាមួយប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី គឺលោក Carlo Tavecchio ជាមុនសិន ថានិងត្រូវបន្តដឹកនាំក្រុមទៀតរឺយ៉ាងណា។ ខ្ញុំមិនទាន់បានដាក់ពាក្យលាឈប់នោះទេ ព្រោះខ្ញុំនៅមិនទាន់បាន និយាយជាមួយនាយកប្រតិបត្តិនៅឡើយ។

ថ្លែងក្នុងសន្និសិទសារពត៌មានគ្រូបង្វឹកវ័យ 69ឆ្នាំរូបនេះបន្តថា៖ ខ្ញុំចង់បន្តការដោះស្រាយដោយផ្ទាល់ជាលក្ខណៈឯកជនជាមួយនិងអ្នករាល់គ្នា(កីឡាករ) ក៏ដូចជាថ្នាក់ដឹកនាំ សូមអធ្យាស្រ័យអោយខ្ញុំសម្រាប់ការយឺតយ៉ាវ។ ហើយខ្ញុំមានមោទនភាពដែលបានចូលរួមការងារជាមួយក្រុម ហើយយើងសង្ឃឹមថាក្រុមនិងត្រលប់មកនៅទម្រង់លេងល្អប្រសើរឡើងវិញក្នុងពេលខាងមុខ។

គួរបញ្ជាក់ផងដែរថាលោក Ventusa កាលពីខែសីហា បានពន្យាកិច្ចសន្យាបន្តដឹកនាំក្រុមអ៊ីតាលីរហូតដល់ឆ្នាំ 2020 ប៉ុន្តែក្រោយជួបរឿងខកបំណង នៅកីឡាដ្ឋាន San Siro ធ្វើអោយអនាគតរបស់លោកក្នុងការដឹកនាំក្រុមជើងឯក World Cup 2006 មួយនេះ នៅមានភាពស្រពេចស្រពិលនៅឡើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ espnfc