ខ្សែបម្រើកណ្តាលដ៏សំខាន់រូបរបស់កម្ពុជាគឺ ច្រឹង ពលរដ្ឋ និង ទិត្យ ឌីណា នឹងគ្មានវត្តមាននៅទីលាននោះទេ សម្រាប់ការប្រកួតជើងទី២ ពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមកម្ពុជា និងក្រុមជម្រើសជាតិហ្ស៊កដានី នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះទេ ខណៈការប្រកួតនេះគ្រូបង្វឹកកម្ពុជា កំពុងបារម្ភទៅលើភាពខ្លាំងរបស់ហ្ស៊កដានី ដែលជាក្រុមកំពុងស្រេកឃ្លានការឈ្នះ៣ពិន្ទុ។

បញ្ហាអវត្តមានរបស់ ច្រឹង ពលរដ្ឋ និង ទិត្យ ឌីណា នៅក្នុងការប្រកួតដ៏សំខាន់នេះ គឺមកពីអ្នកទាំង២មានរបួសជាប់ខ្លួន មិនអាចចូលលេងបាន ហើយនេះជាមូលហេតុធ្វើឲ្យលោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹក សម្រេចដកឈ្មោះអ្នកទាំង២ ចេញពីបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតនេះតែម្តង។


ងាយមកចាប់អារម្មណ៍ការប្រកួតនៅល្ងាចថ្ងៃនេះវិញ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ហាក់បារម្ភទៅលើចំណុចខ្លាំងរបស់ក្រុមហ្ស៊កដានី ដោយលោកបាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖«សម្រាប់ខ្ញុំ ការជួបក្រុមហ្ស៊កដានី ជាការប្រកួតដ៏តានតឹងបំផុត នៅក្នុងអាជីពរបស់ខ្ញុំតាំងពីមុនមក រហូតមកដល់ពេលនេះ ហើយសង្ឃឹមថា យើងនឹងប្រឹងប្រែងធ្វើឲ្យបានល្អបំផុត»។

គួររំឭកថា សម្រាប់ការជួបគ្នាក្នុងជើងទី១ កាលពីថ្ងៃទី២៨ ខែមីនា ក្រុមកម្ពុជា ដែលដឹកនាំដោយលោក Leonardo Vitorino បានចាញ់ក្រុមម្ចាស់ផ្ទះហ្ស៊កដានី ៧-០ ហើយនៅពេលនេះក្រុមហ្ស៊កដានី កំពុងឈរនៅលើកំពូលតារាងប្រចាំពូលCនេះ ដោយមាន៨ពិន្ទុស្មើជាមួយក្រុមវៀតណាម ឯក្រុមកម្ពុជាមាន៣ពិន្ទុ លើក្រុមអាហ្វហ្គានីស្ថាន ដែលមានត្រឹម២ពិន្ទុ ខណៈយប់នេះអាហ្វហ្គានីស្ថាន ត្រូវប៉ះក្រុមវៀតណាម ដែលពួកគេធ្លាប់ស្មើ ១-១ ក្នុងជើងទី១។

ជាមួយលទ្ធផលនេះ លោក Jamal Abu-Abed ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមហ្ស៊កដានី ត្រូវការឈ្នះលើក្រុមកម្ពុជា ខ្លាំងបំផុត។ លោកបាននិយាយថា៖«គោលដៅចម្បងរបស់យើង គឺត្រូវឡើងទៅកាន់ការប្រកួតវគ្គបន្ត។ បើទោះបីជា យើងទើបមានការផ្លាស់ប្តូរគ្រូបង្វឹក ប៉ុន្តែវាមិនមែនជាបញ្ហានោះទេ គឺយើងត្រូវយកឲ្យបាន៣ពិន្ទុ ចំពោះការជួបក្រុមកម្ពុជាលើកនេះ»។
លោកបន្តថា៖«យើងមិនអាចមើលស្រាលក្រុមកម្ពុជា បានទេ គឺយើងគោរពក្រុមកម្ពុជា ព្រោះក្រុមមួយនេះ មានកីឡាករល្អច្រើនដែរ អ៊ីចឹងយើងត្រូវរៀបចំ និងលេងឲ្យអស់១០០ភាគរយតែម្តង ព្រោះគោលដៅរបស់យើង គឺត្រូវទទួលឲ្យបាន៣ពិន្ទុ»។

ផ្ទុយពីនេះ លោក ប្រាក់ សុវណ្ណារ៉ា មិនហ៊ានរំពឹងដល់ឈ្នះនោះទេ គឺត្រឹមស្មើ វាល្អបំផុតទៅហើយ។ លោក និយាយថា៖«យើងតែងចង់បានលទ្ធផលល្អ បើទោះបីជាយើងមានកម្រិតក្រោមគេក៏ដោយ។ ចំពោះខ្ញុំ មិនចាំបាច់ដល់ឈ្នះទេ គឺបានត្រឹមស្មើ វាជាជោគជ័យល្អបំផុត និងជាប្រវត្តិសាស្រ្តសម្រាប់បាល់ទាត់របស់កម្ពុជាយើងទៅហើយ»៕
http://cambosport.com