គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងដៃគូសហការ គ្រោងនឹងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីការពារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២២ នៅអង្គរ ឆ្នាំ២០១៧ ដែលគ្រោងនឹងធ្វើនាថ្ងៃអាទិត្យ ទី៣ ខែធ្នូ ខាងមុខនេះ ព្រោះការប្រកួតលើកនេះមានប្រជាជនមកពីប្រទេសមហាអំណាចទាំង៣ មានសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ចូលរួមច្រើន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីថ្ងៃចន្ទថា៖ «ការប្រកួតនៅឆ្នាំនេះ អាចនឹងមានការកើនឡើងដល់ជាង១០០០០នាក់ ហើយការកើនឡើងនេះ ពិសេសវត្តមានរបស់អ្នករត់មកពីអាមេរិក បារាំង និងអង់គ្លេស ក៏នឹងធ្វើឲ្យការចំណាយទៅលើការរៀបចំ មានការកើនឡើងផងដែរ ពិសេសការចំណាយទៅលើការការពារផ្នែកសន្តិសុខ ដោយមានការសហការជាមួយក្រុមអ្នកជំនាញរបស់យើង»។

លោកបានបន្ថែមថា៖ «យើងនឹងរៀបចំឲ្យបានទូលំទូលាយ ហើយយើងនឹងមានដាក់សន្តិសុខការពារនៅគ្រប់ច្រក និងផ្លូវរត់ទាំងអស់ ព្រោះនេះជាការងារ ដែលយើងត្រូវពង្រឹង ដើម្បីយើងទទួលបានជោគជ័យ និងកេរ្តិ៍ឈ្មោះល្អ ហើយធ្វើឲ្យព្រឹត្តិការណ៍របស់យើង កាន់តែមានភាពទាក់ទាញ នៅឆ្នាំក្រោយៗទៀត»។

បើតាមខ្លឹមសារដែលត្រូវបានប្រកាស ក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទនោះ បានឲ្យដឹងថា មានអ្នកចុះឈ្មោះចូលរួមរត់ទាំងជាតិ និងអន្តរជាតិ ជិត៩០០០នាក់ហើយ មកពី ៧៦ប្រទេស ហើយក្នុងនោះចំនួនអ្នករត់មកពីអាមេរិក បារាំង និងអង់គ្លេស ច្រើនជាងគេ គឺមកពីចក្រភពអង់គ្លេស និងបារាំង មានចំនួនប្រហែល ៦០០នាក់ដូចគ្នា និងមកពីអាមេរិកមានចំនួនជាង៤០០។

ចំណែក លោក សែម ផល្លា អ្នកគ្រប់គ្រងទូទៅនៃព្រឹត្តិការណ៍នេះ បានថ្លែងថា៖ «ការកើនឡើងនៃចំនួនអ្នកចូលរួមប្រកួតនៅឆ្នាំនេះ វាជាមោទនៈភាពមួយ ដែលបង្ហាញឲ្យឃើញថា ព្រឹត្តិការណ៍របស់យើង កាន់តែទទួលបានជោគជ័យ និងមានការទាក់ទាញខ្លាំង ព្រោះការប្រកួតលើកដំបូងកាលពីឆ្នាំ១៩៩៦ បាននាក់ចូលរួមត្រឹម៦០០នាក់ទេ។ ហេតុនេះរៀងនឹងបង្កើនការយកចិត្តទុកដាក់ទៅលើផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានកាន់តែប្រសើរ ហើយអ្នកចូលរួមជាជនជនខ្មែរ ក៏ត្រូវចូលរួមផ្នែកនេះផងដែរ ព្រោះយើងជាម្ចាស់ផ្ទះនៃការប្រកួតនេះទាំងអស់គ្នា»។

ជាមួយគ្នានេះដែរដៃគូសហការ ពិសេសអ្នកឧបត្ថម្ភធំ ក្នុងការប្រកួត ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២២ នៅអង្គរ ឆ្នាំនេះគឺក្រុមហ៊ុនធានារាប់រង Manulife និងក្រុមហ៊ុនខ្មែរប៊ែវើរីជីស(Khmer Beverages) សុទ្ធតែបានបង្ហាញពីមោទនៈភាព ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ៕
rel=”noopener” target=”_blank”>http://cambosport.com