ការរកបានគ្រាប់បាល់បញ្ចូលទី ៣គ្រាប់របស់ខ្សែបម្រើប្រយុទ្ធ Christian Eriksen បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក កត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៥-១ លើក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ក្នុងការប្រកួតជើងទី២ នៃវគ្គ Playoff របស់ពួកគេកាលពីថ្ងៃអង្គារ ក្នុងទីក្រុង Dublin ដើម្បីឈ្នះកៅអីមួយទៅកាន់យុទ្ធនាការ World Cup នៅឆ្នាំក្រោយ។ ក្រោយពីការប្រកួតកាលពីថ្ងៃសៅរ៍ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងទីក្រុង Copenhagen។

ក្រុមជម្រើសជាតិអៀរឡង់ បានចាប់ផ្តើមការប្រកួតលើទឹកដីរបស់ពួកគេយ៉ាងល្អ នៅពេលដែលកីឡាករ Shane Duffy បានតែតបញ្ចូលទីដើម្បីជួយឲ្យពួកគេមានគ្រាប់បាល់នាំមុខមុន ក្រោយពីលេងបានត្រឹមតែ៦នាទី ប៉ុន្តែ ដាណឺម៉ាក បានស៊ុតបាល់បញ្ចូលទី ២គ្រាប់វិញនៅមុនពេលបញ្ចប់តង់ទី១ និងរកបាន៣គ្រាប់បន្ថែមទៀតក្នុងតង់ទី២ ដើម្បីបំពេញការឈ្នះកៅអីរបស់ពួកគេក្នុងប្រទេសរុស្ស៊ី តែម្តង។

Eriksen បានឲ្យដឹងថា៖ «វាគឺជាអារម្មណ៍ដ៏អស្ចារ្យមួយ។ យើងបានធ្វើប្រយុទ្ធដ៏រយៈពេលដ៏យូរអង្វែងដើម្បីឈានទៅកាន់ World Cup។ យើងពិតជាកំពុងតែសម្លឹងឆ្ពោះទៅមុខ។ វាមិនញឹកញាប់ឡើយដែលខ្ញុំរកបាន ៣គ្រាប់ ហេតុនេះ វាពិតជាអស្ចារ្យណាស់»។

ដោយឡែក លោក Martin O’Neill គ្រូបង្វឹកនៃក្រុមជម្រើសជាតិអៀរឡង់ បានឲ្យដឹងថា៖ «យើងពិតជាខកចិត្តណាស់។ ទីបំផុតយើងចាញ់ក្នុងលទ្ធផលដ៏ធំ។ គ្រាប់បាល់ ២គ្រាប់ដែលយើងបានរបូតក្នុងចន្លោះពេល២នាទីបានទម្លាក់ពួកយើង។ យើងត្រូវតែវាយបកក្នុងការប្រកួតនេះ ហើយដាណឺម៉ាក ដណ្តើមយកប្រៀបផ្សេងៗ»។ ដាណឺម៉ាក នឹងត្រូវចូលរួមជាមួយនឹងក្រុមបែលហ្ស៊ិក អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ ប៉ូឡូញ អ៊ីស្លង់ ស៊ែប៊ី ព័រទុយហ្គាល់ បារាំង ស្វ៊ីស ក្រូអាស៊ី និងស៊ុយអែត ក្នុងនាមជាក្រុមតំណាងឲ្យអឺរ៉ុប ទៅកាន់ World Cup៕

វីឌីអូហាយឡាយស្តីពីការប្រកួត ដាណឺម៉ាក និង សាធារណរដ្ឋអៀរឡង់ ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ ​Channel News Asia