ខ្សែប្រយុទ្ធ Alex Iwobi របស់ក្លិប Arsenal បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា បានវាយបកដើម្បីផ្តួលក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងលទ្ធផល ៤-២ ក្នុងទីក្រុង Krasnodar កាលពីថ្ងៃអង្គារ ស្របពេលដែលខ្សែប្រយុទ្ធ Sergio Aguero ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីបានចុះខ្សោយកម្លាំងខ្លាំងក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។

ខ្សែបម្រើ Ever Banega របស់ក្លិប Sevilla និងខ្សែប្រយុទ្ធ Aguero របស់ Manchester City បានជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ដែលលេងដោយគ្មានតារាឆ្នើម Lionel Messi មានគ្រាប់បាល់នាំមុខមុន ២-០ ក្រោយពីលេងបាន៣៦នាទី។ ប៉ុន្តែ ខ្សែប្រយុទ្ធ Kelechi Iheanacho របស់ក្លិប Leicester City បានវាយបក១គ្រាប់វិញនៅជិតបញ្ចប់ការប្រកួតតង់ទី១ នៅមុនពេល Iwobi បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងតង់ទី២ ពោលគឺនៅចន្លោះគ្រាប់បាល់របស់កីឡាករ Brian Idowu ដើម្បីផ្តល់ការភ្ញាក់ផ្អើលដល់ក្រុមរបស់អាមេរិកខាងត្បូងតែម្តង។

ក្រោយមក បណ្តាញសារព័ត៌មានក្នុងស្រុកបានចេញផ្សាយថា Aguero ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពីអស់កម្លាំងក្នុងពេលសម្រាកតង់ទី១ ខណៈដែលខ្សែប្រយុទ្ធរូបនេះ បានទទួលការពិនិត្យសុខភាពដើម្បីប្រុងប្រយ័ត្នទុកជាមុន។ លោក Jorge Sampaoli គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន បានឲ្យដឹងថា៖ «យើងលេងបានយ៉ាងល្អក្នុងតង់ទី១ ប៉ុន្តែអ្វីៗមានការប្រែប្រួល ក្រោយពីបញ្ចប់តង់ទី១»។ ស្របពេលជាមួយគ្នានេះខ្សែប្រយុទ្ធ Neymar និងមិត្តរួមក្រុមប្រេស៊ីលរបស់គេ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ទាំងការខកចិត្ត ក្រោយពីក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់អង់គ្លេស បានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំ ក្នុងការប្រកួតមិត្តភាពនាកីឡដ្ឋាន Wembley កាលពីថ្ងៃអង្គារ៕
វីឌីអូហាយឡាយការប្រកួតក្រុម ប្រេស៊ីល និង អង់គ្លេស ៖


កែសម្រួលដោយ៖ Cambosport
ប្រភព៖​ Channel News Asia