ការស៊ុតបាល់បញ្ចូលទី ៣គ្រាប់តែម្នាក់ឯងរបស់ប្រធានក្រុម Mile Jedinak បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី ឈានទៅកាន់យុទ្ធនាការ World Cup នៅឆ្នាំក្រោយក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ខណៈដែលពួកគេបានលត់ក្រុមជម្រើសជាតិហុងឌូរ៉ាស យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី២ នៃវគ្គ Playoff របស់ពួកគេក្នុងទីក្រុង Sydney។

ការស៊ុតបាល់ពិន័យ Free-kick របស់ខ្សែបម្រើនៃក្លិប Aston Villa រូបនេះ បានប្លាតចំខ្សែការពារ Henry Figueroa ចូលទីយ៉ាងល្អនៅនាទី ទី៥៤ ហើយបន្ទាប់មក បានស៊ុតបាល់ប៉េណាល់ទីបញ្ចូលទី ២គ្រាប់បន្ថែមទៀតក្នុងចន្លោះ ១៣នាទី នៅមុនពេលក្រុមជម្រើសជាតិហុងឌូរ៉ាស បានវាយបកមួយគ្រាប់វិញតាមរយៈកីឡាករ Alberth Elis។

ការផ្លុំកញ្ចែបញ្ចប់ការប្រកួតបានបង្កើតឲ្យមានការអបអរយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រប្រមាណជា៧៧០០០នាក់ នាកីឡដ្ឋាន Sydney Olympic ស្របពេលដែលក្រុមដែលមានរហស្សនាមថា Socceroos មួយនេះ បានកត់ត្រាជ័យជម្នះទាំងពីរជើង ៣-១ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី១ កាលពីសប្តាហ៍មុន ក្នុងទីក្រុង San Pedro Sula។ វានឹងក្លាយជាការបង្ហាញខ្លួនក្នុងយុទ្ធនាការ World Cup ជាលើកទី៤ ជាប់ៗគ្នារបស់ក្រុមជម្រើសជាតិអូស្ត្រាលី និងជាលើកទី៥ បើសរុបទាំងអស់ ហើយការឈ្នះកៅអីទៅកាន់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនេះ ក៏បានបង្ហាញពីការបញ្ចប់យុទ្ធនាការជម្រុះចំនួន ២២ប្រកួតដែលមានរយៈពេល ២៩ខែ របស់តំបន់អាស៊ី មជ្ឈិមបូព៌ា និងអាមេរិកកណ្តាល ផងដែរ។

លោក Ange Postecoglou គ្រូបង្វឹកនៃក្រុមជម្រើសជាតិអូស្ត្រាលី បានឲ្យដឹងថា៖ «និយាយឲ្យត្រង់ទៅ វាជាការទទួលជ័យជម្នះដ៏ធំមួយ។ នៅពេលដែលអ្នកកំពុងតែធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិរបស់អ្នក ដើម្បីទទួលខុសត្រូវកាន់តែធំ អ្នកដឹងថា វាពិតជាមានន័យណាស់សម្រាប់ជាតិ និងក្នុងការប្រកួតនេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ Channel News Asia