រជ្ជកាលរបស់លោក Gian Piero Ventura ក្នុងនាមជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានបញ្ចប់កាលពីថ្ងៃពុធ ក្រោយពីជួបការខកចិត្តក្នុងយុទ្ធនាការប្រកួតជម្រុះ World Cup ដោយអំឡុងពេលនោះ ក្រុមម្ចាស់ជើងឯកពិភពលោក ៤សម័យកាលមួយនេះ បានខកខានក្នុងការកក់កោអីទៅប្រកួតជុំផ្តាច់ព្រ័ត្រ ក្នុងប្រទេសរុស្ស៊ី នៅឆ្នាំក្រោយ។

ជោគវាសនារបស់លោកគ្រូបង្វឹកវ័យ ៦៩ឆ្នាំរូបនេះ ត្រូវបានកាត់សេចក្តី ក្រោយពីកិច្ចប្រជុំមួយរបស់សហព័ន្ធកីឡាបាល់ទាត់របស់អ៊ីតាលី (FIGC) ក្នុងទីក្រុង Rome ស្របពេលដែលលោក Carlo Ancelotti ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Chelsea និង Real Madrid កំពុងតែស្ថិតក្នុងចំណោមបេក្ខភាពឈានមុខគេក្នុងការកាន់តំណែង និងរៀបចំក្រុមជម្រើសជាតិអ៊ីតាលី ឡើងវិញ។

លោក Ventura បានធ្វើការបដិសេធក្នុងការលាលែងពីតំណែង បើទោះបីក្រុមខ្លួនបានរងបរាជ័យទាំងពីរជើង ១-០ ក្រោមស្នាដៃក្រុមជម្រើសជាតិស៊ុយអែត កាលពីថ្ងៃចន្ទ ដែលបានធ្វើឲ្យក្រុមជម្រើសជាតិអ៊ីតាលី ត្រូវអវត្តមានក្នុងយុទ្ធនាការ World Cup ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៥៨ក៏ដោយ។ FIGC បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចាប់ពីថ្ងៃនេះទៅ លោក Gian Piero Ventura លែងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិហើយ»។ បើយោងទៅតាមប្រភពព័ត៌មានផ្សេងៗ លោក Ventura នឹងនៅតែទទួលបានប្រាក់ខែរបស់លោករហូតដល់បញ្ចប់កិច្ចសន្យារបស់លោក នៅខែមិថុនា ឆ្នាំ២០១៨ ដែលមានចំនួនទឹកប្រាក់ប្រមាណជា៨០ម៉ឺនអឺរ៉ូ (ស្មើនឹង៩៤,៣ម៉ឺនដុល្លារអាមេរិក)។ ប៉ុន្តែ លោក Carlo Tavecchio ប្រធាន FIGC នឹងបន្តតំណែងរបស់លោក បើទោះបីមានសម្ពាធជាច្រើនបង្ខំឲ្យលោកលាលែងពីតំណែងក៏ដោយ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia