គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យជាបន្ទាន់ ដោយសារតែបញ្ហាជំងឺ ដោយមិនបានបង្វឹកកូនក្រុម ត្រៀមប៉ះក្រុមភ្ញៀវ Southampton នៅ Anfield ចុងសប្តាហ៍នេះទេ ក្នុងក្របខណ្ឌ Premier League។

ក្លឹបដែលកំពុងឈរនៅលេខរៀងទី៥ បណ្តោះអាសន្នក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League បានជូនដំណឹង ថា «គ្រូបង្វឹកសញ្ជាតិអាល្លឹម៉ង់ Jurgen Klopp មិនបានបង្វឹកកូនក្រុមនៅថ្ងៃអង្គារឡើយ ពោលគឺលោកបានចូលពេទ្យ ដោយសារតែអាការជំងឺប្រចាំកាយរបស់លោក តែចេញពីមន្ទីរពេទ្យនៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកាម្សិលមិញនេះ»។

សូមរំលឹកថា លោក Jurgen Klopp បានចូលដឹកនាំក្រុមនៅអង់គ្លេស Liverpool នៅក្នុងខែតុលា ឆ្នាំ២០១៥ ជំនួសកៅអីលោក Brendan Rodgers ដែលបានក្រុមហង្សក្រហមសម្រេចបណ្តេញចេញពីតំណែង ស្របពេល Klopp លាឈប់ដឹកនាំក្លឹបជើងខ្លាំងអាល្លឺម៉ង់ Borussia Dortmund។

សូមបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool នឹងបើកទ្វារពហុកីឡដ្ឋាន Anfield ទទួលក្រុមលេខ១៣ Southampton នៅម៉ោង ២២៖០០នាទីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ចុងសប្តាហ៍នេះ នៃការប្រកួតសប្តាហ៍ទី១២ ជើងទី១ ក្នុង Premier League ក្រោយពេល Arsenal ស្វាគមន៍ភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur នៅម៉ោង ១៩៖៣០នាទីក្បាលព្រលប់៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ KhmerTalking