ខ្សែប្រយុទ្ធ Jefferson Farfan និងខ្សែការពារ Christian Ramos សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា ខណៈដែលក្រុមជម្រើសជាតិប៉េរូ បានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិនូវែលសេឡង់ ២-០ ដើម្បីឈានទៅកាន់យុទ្ធនាការ World Cup ជាលើកទី១ ចាប់តាំងពីឆ្នាំ១៩៨២ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកម្ពុជា) និងដើម្បីបំពេញកៅអីចុងក្រោយទៅកាន់ប្រទេសរុស្ស៊ី។

Farfan រកបានគ្រាប់បាល់បញ្ចូលទីនៅនាទី ទី២៧ ហើយ Ramos បានបន្ថែម ១គ្រាប់ទៀតនៅនាទី ទី៦៥ ដើម្បីជួយឲ្យក្រុមដែលមានរហស្សនាមថា Los Incas មួយនេះ បង្ហាញខ្លួនក្នុងយុទ្ធនាការ World Cup ជាលើកទី ៥របស់ពួកគេ ប៉ុន្តែជាលើកទី១ ក្នុងរយៈពេល ៣៥ឆ្នាំមកនេះ។

ការប្រកួតជើងទី២ នាកីឡដ្ឋាន Estadio Nacional ក្នុងទីក្រុង Lima បានក្លាយជាការប្រកួតកាត់សេចក្តី ក្រោយពីក្រុមជម្រើសជាតិនូវែលសេឡង់ និងប៉េរូ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី១ នៃការប្រកួតវគ្គ Playoff អន្តរទ្វីបរបស់ពួកគេ កាលពីថ្ងៃសៅរ៍ ក្នុងទីក្រុង Wellington។

ជ័យជម្នះនេះ មានន័យថា ក្រុមជម្រើសជាតិប៉េរូ នឹងត្រូវចូលរួមជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី និងអ៊ុយរូហ្គាយ ក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៨ ក្នុងនាមជាក្រុមតំណាងឲ្យតំបន់អាមេរិកខាងត្បូង៕
វីឌីអូហាយឡាយការប្រកួតរវាងក្រុម ប៉េរូ និង នូវែលសេឡង់

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC