កាល​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ជម្រើស​ជាតិ​អង់គ្លេស បាន​ប៉ះ​ជាមួយ​ប្រេស៊ីល នៅ​កីឡដ្ឋាន Wembly ក្នុង​ជំនួប​មិត្តភាព ដោយ​ការ​ប្រកួត​បាន​បញ្ចប់​ក្រោម​លទ្ធផល ០ ទល់​នឹង ០។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​នៅ​ពេល​កីឡាករ​មក​ជម្រើស​ជាតិ​ទាំង​ពីរ​កំពុង​តម្រង់​ជួរ​ត្រៀម​ប្រកួត ខ្សែ​ប្រយុទ្ធ Neymar និង Marcus Rashford ត្រូវ​បាន​គេ​សង្កេត​ថា បាន​ចាប់​ដៃ សើច និង​និយាយ​ជាមួយ​គ្នា​យ៉ាង​យូរ បង្ក​ជា​មន្ទិល​យ៉ាង​ខ្លាំង។
និយាយ​គ្នា​យូរ​ថ្ងៃ​មុន តើ Neymar និង Rashford និយាយ​គ្នា​ពី​អី?
ទោះ​ជា​យ៉ាង​ណា មន្ទិល​ទាំង​អស់​នេះ ត្រូវ​បាន​បំភ្លឺ​ហើយ​ក្នុង​ថ្ងៃ​នេះ។ បើ​តាម​សារព័ត៌មាន​ដ៏​ល្បី​ឈ្មោះ Metro បាន​ឲ្យ​ដឹង​ថា Neymar និង Rashford បាន​និយាយ​គ្នា​អំពី​អាកាសធាតុ​នៅ​អង់គ្លេស​នា​ពេល​នោះ។នេះ​ជា​ការ​សន្ទនា​របស់​កីឡាករ​ទាំង​ពីរ​នៅ​ពេល​នោះ៖ Neymar៖ “សុខ​សប្បាយ​ទេ?”

Rashford៖ “ហ្នឹង​ហើយ សុខ។ ហើយ​នៅ​អង់គ្លេស​បាន​ប៉ុន្មាន​ថ្ងៃ​ហើយ​ហ្នឹង? ហើយ​ទៅ​វិញ​ពេល​ណា?” Neymar៖ “ថ្ងៃ​ស្អែក​ទៅ​វិញ​ហើយ”។

Rashford៖ “ទៅ​ហើយ?”

Neymar៖ “ហ្នឹង​ហើយ​ ទៅ​ហើយ”។

Rashford៖ “ត្រជាក់​ដល់​ហើយ”។

Neymar៖ “ហ្នឹង​ហើយ​ ថ្ងៃ​នេះ​ត្រជាក់​ណាស់”។

Rashford៖ “ប៉ុណ្ណឹង​មិន​សូវ​អី​ទេ។ ជា​ធម្មតា​ត្រជាក់​ជាង​ហ្នឹង​ផង”។

Neymar៖ “ខ្ញុំ​មិន​ចូល​ចិត្ត​អាកាសធាតុ​ត្រជាក់​ទេ”។

Rashford៖ (សើច) “អាកាសធាតុ​នៅ​ទី​នេះ​មិន​មែន​សម្រាប់​ឯង​ទេ​អ៊ីចឹង”។

Neymar៖ (សើច) “ទេ ប៉ុន្តែ​វា​ត្រជាក់​មែន”។

សូម​បញ្ជាក់​ផង​ដែរ​ថា ដោយ​សមត្ថភាព​និយាយ​អង់គ្លេស​នៅ​មាន​កម្រិត Neymar កម្រ​និយាយ​ភាសា​អង់គ្លេស​នៅ​តាម​ទី​សាធារណៈ ឬ​តាម​សន្និសីទ​សារព័ត៌មាន​ផ្សេងៗ​ណាស់ ខណៈ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Rashford ក៏​មិន​ចេះ​ភាសា​ព័រទុយហ្គាល់​ដែរ។ ទោះ​ជា​នេះ​ក្ដី របាំង​ភាសា​នេះ​មិន​អាច​រា​រាំង​កីឡាករ​ទាំង​ពីរ​និយាយ​គ្នា​ឡើយ ដោយ Neymar និយាយ​អង់គ្លេស​ទៅ​កាន់​ Rashford មុន៕

Via: Cambosport