លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានបន្ធូរបន្ថយស្ថានភាពទាក់ទងនឹងព័ត៌មានថា តំណែងរបស់លោកនឹងត្រូវត្រួតពិនិត្យនៅចុងរដូវកាលនេះ ហើយបាននិយាយថា លោកមានគម្រោងក្នុងការបន្តដឹកនាំរហូតដល់ផុតកុងត្រារបស់លោកនៅឯក្លិបរបស់ក្របខ័ណ្ឌ Premier League មួយនេះ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ដែលបានធ្វើការដឹកនាំរយៈពេល ២១ឆ្នាំនៅឯក្លិបកាំភ្លើងធំ តាមរយៈការបន្តកុងត្រាថ្មីរយៈពេល២ឆ្នាំកាលពីខែឧសភានោះ បាននិយាយនៅឯសន្និបាតប្រចាំឆ្នាំរបស់ក្លិបនេះ កាលពីខែមុនថា លោកតែងតែបានធ្វើការពិភាក្សាជាមួយនឹងក្រុមប្រឹក្សានៅពេលបញ្ចប់រាល់រដូវកាលទាំងអស់។ គ្រូបង្វឹករូបនេះបានប្រាប់កាសែត beIN Sports ថា ការប្តេជ្ញាចិត្តរបស់លោកត្រូវបានគេយល់ខុស។ លោក Wenger បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយថា ខ្ញុំបានអង្គុយដើម្បីធ្វើការពិភាក្សាជាមួយនឹងក្រុមប្រឹក្សា នៅរាល់ចុងរដូវកាលទាំងអស់ និងកំណត់លើគោលដៅដែលយើងត្រូវទៅ ហេតុនេះ បញ្ហានោះមិនមានភាពដូចគ្នាសោះ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ពេលខ្លះ អ្នកនឹងបន្តនិយាយមួយប្រយោគទៀត ហើយមនុស្សជាច្រើននឹងចាប់យកជ្រុងទាក់ទងនឹងផ្លូវដែលយើងនឹងត្រូវដើរ។ ខ្ញុំមានកិច្ចសន្យារយៈពេល២ឆ្នាំ ទៀត ហើយខ្ញុំនឹងតែងតែព្យាយាមបន្តដឹងនាំរហូតដល់បញ្ចប់កុងត្រារបស់ខ្ញុំ ប៉ុន្តែ ខ្ញុំតែងតែមានភាពស្មោះត្រង់ជាមួយនឹងក្រុមប្រឹក្សា និងត្រួតពិនិត្យទៅលើផ្លូវដែលយើងត្រូវដើរ។ នោះគឺជារឿងសាមញ្ញមួយ»។ Arsenal ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ6 នៅលើតារាងលីក បានធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tottenham ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ តែមួយនៅថ្ងៃសៅរ៍នេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៧:៣០យប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia