Cristiano Ronaldo ក្រោយពីការមិនសប្បាយចិត្តក្នុងការចាប់ផ្តើមរដូវកាលថ្មី(2017-2018) និងបានបាត់បង់មិត្តរួមក្រុមមួយចំនួនទៀត ដែលពួកគេបានប្តូរទៅលេងនៅក្លឹបដទៃ ដែលមានដូចជា Pepe, Contrao, Morata ព្រមជាមួយនិងការមិនចង់បន្តកិច្ចសន្យាថ្មី ស្របពេលកិច្ចសន្យាចាស់របស់ខ្លួនផុតកំណត់នៅឆ្នាំ2021 ជាមួយក្រុម Real Madrid ។ Ronaldo អាចនិងត្រូវក្រុមអនុញ្ញាតិអោយចាកចេញក្នុងតម្លៃមួយសមរម្យ បន្ទាប់ពីអតីតកីឡាករ Man.United វ័យ 32ឆ្នាំម្នាក់នេះ ទើបតែរកគ្រាប់បាល់បាន 1គ្រាប់សម្រាប់ក្រុមនៅរដូវកាលថ្មីនេះ ហើយរូបគេ បានបង្ហាញចេតនា ចង់ចាកចេញពីកីឡាដ្ឋាន Santiago Bernabeu និងជាសញ្ញាមួយបង្ហាញថាទំនាក់ទំនង 8ឆ្នាំរបស់ខ្លួនជាមួយក្លឹបឈានដល់ផ្លូវបំបែក។ ខាងក្រោមនេះជាសមាសភាពកីឡាករឆ្នើមទាំង 6រូប ដែលអាចនិងមកស្នងតំណែងរបស់កំពូលខ្សែប្រយុទ្ធដែលល្បីល្បាញជាងមួយទសវត្សនេះបាន។

1.Eden Hazard

មិនមែនជារឿងអាថ៌កំបាំងអ្វីនោះឡើយសម្រាប់កីឡាករ Eden Hazard របស់ក្រុមតោខៀវ Chelsea ដែលជាបេក្ខភាព នឹងមកជំនួស Ronaldo នោះ។ រដូវកាលចាស់កីឡាករក្រុមជម្រើស​ជាតិបែលហ្សិករូបនេះរកគ្រាប់បាល់បាន 16គ្រាប់ និងជួយក្រុម Chelsea លើកពាន Premier Legue (2016-2017)ផងដែរ។ ទោះបីជាកីឡាករម្ចាស់ពានរង្វាន់លេងល្អប្រចាំឆ្នាំ(Player of the Year)រូបនេះ ធ្លាប់បានប្រកាសហើយថារូបគេនិងបន្តនៅជួយក្រុម Chelsea ដើម្បីឈ្នះពានជាច្រើនថែមទៀតក៏ដោយ ក៏គេនៅតែជាបេក្ខភាព ដែលនឹងមកជំនួស Ronaldo ។

2. Kylian Mbappe

តារាឆ្នើមវ័យក្មេងទើបនិងរះវ័យ 18ឆ្នាំរូបនេះ បានក្លាយជាទីចាប់អារម្មណ៏ចង់បានពីក្លឹបធំៗមួយចំនួនមានដូចជា Arsenal, Man.City និង Real Madrid នេះផ្ទាល់តែម្តង។ ប៉ុន្តែទីបំផុតក្រុមអ្នកមានជំនាន់ថ្មីគឺ Paris Saint Germain ជាអ្នកដែលអាចឆក់យករូបគេ មករួមក្រុមបានក្នុងលក្ខ័ណ្ឌខ្ចីជើង។ រដូវកាលចាស់ Mbappe រកគ្រាប់បាល់បញ្ចូលទីបាន 15គ្រាប់ និងបានជួយក្រុម Monaco លើកពាន Ligue1 ក្រោយខកខានអស់រយៈពេល 17ឆ្នាំ។ ដូច្នេះពិភពអ្នកស្នេហាកីឡាបាល់ទាត់ពិតជាទទួលស្គាល់ពីសមត្ថភាពរបស់រូបគេពិតប្រាកដ។

3. Paulo Dybala

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ត្រូវបានពិភពកីឡាបាល់ទាត់ប្រៀបធៀបសមត្ថភាពរូបគេ ទៅនឹងសមត្ថភាពរបស់រៀមច្បង គឺកំពូលខ្សែប្រយុទ្ធ Lionel Messi ប៉ុន្តែមិនទាន់មាននរណាម្នាក់បដិសេធថារូបគេមិនអាចជំនួសតំណែង Ronaldo បាននោះទេ។ ក្រោយរកគ្រាប់បាល់ 4គ្រាប់ និង Assist បាន 8គ្រាប់នៅក្របខណ្ឌ Champion League កាលពីរដូវកាលមុន ព្រមទាំងជួយក្រុម Juventus លើកពាន SerieA 3ដង និង Italian Cup មួយដង Dybala បានធ្វើអោយអ្នកចាត់ការទូទៅលោក Zinidine Zidane ទាក់ភ្នែក និងចាប់អារម្មណ៏ពីសមត្ថភាពដ៏ល្អឥតខ្ចោះរបស់គេផងដែរ។

4. Antoine Griezmann

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងរូបនេះ មានការចាប់អារម្មណ៏ចង់បានពីក្រុម Man.United ប៉ុន្តែរូបគេធ្លាប់បដិសេធ និងបានបន្តជ្រើសរើសរើសការលេងអោយក្រុម At.Madrid បន្តទៀត។បន្ទាប់ពីបង្ហាញភក្តីភាពចង់បន្តលេងនៅ ទឹកដីអេស្បាញ ក្រុម Real Madrid អាចនិងផ្តល់ឪកាសព្រមទាំងផលប្រយោជន៏សម្រាប់ដាក់សំណើរដល់សាមីខ្លួន និងក្រុមAt.Madrid ពិចារណា។ រដូវកាលចាស់ Griezmann រកគ្រាប់បាល់បាន 16គ្រាប់ និងជួយក្រុមជម្រើសជាតិបារាំង ទទួលបានជើងឯករងពានរង្វាន់ Euro 2016 ព្រមទាំងបានជាប់ជាបេក្ខភាពកីឡាករប្រកួតប្រជែងបាល់មាស(Ballon D’or )ឆ្នាំ2016 ផងដែរ។

5. Neymar

កំពូលខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតក្នុងលោក Neymar ជាបេក្ខភាពដ៏សំខាន់មួយផងដែរ ដែលអាចនឹងមកជំនួសតួនាទីរបស់ Cristiano Ronaldo បាន។ ទោះបីជារូបគេទើបតែមានវ័យ ទើបតែ 25ឆ្នាំប៉ុន្តែយោងទៅ លើជំនាញ សមត្ថភាព និងទេពកោសល្យរបស់គេ សម្រាប់កីឡាករដែលលេងនៅតំបន់បម្រើ-ប្រយុទ្ធស្លាប គឺវាពិតជាគ្មានបញ្ហាចោតឡើយសម្រាប់ក្រុម។

6. Harry Kane

គ្មានការជំទាស់អ្វីឡើយសម្រាប់កីឡាករដែលត្រូវបានមជ្ឈដ្ឋានបាល់ទាត់ចាត់ទុកជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ក្រុមជម្រើសជាតិអង់គ្លេសម្នាក់នេះ។ Kane ត្រូវបានក្រុម Real Madrid ចាត់ចូលក្នុងបញ្ជីបេក្ខភាព អាទិភាពក្នុងការនាំយកមករួមក្រុម ដើម្បីជំនួស Benzema ដូច្នេះ Kane ក៏អាចទៅជំនួសតំណែងរបស់ Ronaldo បានដូចគ្នាផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror