ចិន នឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣០ ដើម្បីបង្ហាញពីមហិច្ឆតារបស់ប្រទេសនេះ ក្នុងក្លាយជាមហាអំណាចឈានមុខគេផ្នែកកីឡាបាល់ទាត់។ នេះបើយោងទៅតាមការបញ្ជាក់របស់គ្រូបង្វឹកនៃក្រុមជម្រើសជាតិរបស់ពួកគេគឺលោក Marcello Lippi។

លោកប្រធានាធិបតី Xi Jinping ដែលជាអ្នកគាំទ្រកីឡាបាល់ទាត់ បានថ្លែងពីគោលបំណងរបស់លោកសម្រាប់ប្រទេសចិន ក្នុងការរៀបចំយុទ្ធនាការ World Cup នៅថ្ងៃណាមួយ និងចង់ឲ្យប្រទេសនេះ ដែលធ្លាប់បានឈ្នះសិទ្ធិទៅលេងក្នុង World Cup តែមួយលើកគត់ កាលពីឆ្នាំ២០០២នោះ ក្លាយជាជើងខ្លាំងក្នុងកីឡាបាល់ទាត់។

លោក Xi បានជួបប្រជុំជាមួយនឹងប្រធាន FIFA លោក Gianni Infantino ក្នុងទីក្រុងប៉េកាំង កាលពីខែមិថុនា ដែលនាំឲ្យមានការលើកឡើងថា ប្រទេសចិន នឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ ឬឆ្នាំ២០៣៤។ លោក Lippi ដែលជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិចិន បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់ចិន (CFA) បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីអភិវឌ្ឍកីឡាករយុវជនរបស់ប្រទេសនេះ ក្នុងនាមជាផ្នែកមួយនៃជួយជ្រោមជ្រែងរដ្ឋាភិបាលក្នុងការអភិរវឌ្ឍក្រុមជម្រើសជាតិ។

ក្នុងពេលសម្ភាសជាមួយនឹងកាសែត Chengdu Business Daily គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «នេះគឺជាការចាប់ផ្តើមដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ។ អ្វីដែលខ្ញុំចង់ប្រាប់អ្នកគឺថា សហព័ន្ធកីឡាបាល់ទាត់របស់ចិន នឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០»។ លោក Lippi ដែលបានដឹកនាំឲ្យក្រុមជម្រើសជាតិអ៊ីតាលី លើកពាន World Cup ឆ្នាំ២០០៦នោះ បានលើកឡើងបែបនេះ ក្រោយពីក្រុមជម្រើសជាតិចិន បានរងបរាជ័យក្នុងលទ្ធផល ៤-០ ក្រោមស្នាដៃក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួតមិត្តភាពមួយ ក្នុងទីក្រុង Chongqing កាលពីថ្ងៃអង្គារ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia