ខ្សែការពារ Hector Bellerin បានបញ្ជាក់ថា ការទទួលជ័យជម្នះក្នុងលទ្ធផល ២-០ របស់ក្រុម Arsenal លើក្រុម Tottenham ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងជើងតែមួយ បានបំបិទមាត់ក្រុមអ្នករិះគន់មួយចំនួន។ ក្រុមរបស់លោក Arsene Wenger បានកត់ត្រាជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាលើកទី១ របស់ពួកគេ លើគូប្រជែងដ៏ខ្លាំងរបស់ពួកគេ Spurs ចាប់តាំងពីខែមីនា ឆ្នាំ២០១៤ ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Shkodran Mustafi និង Alexis Sanchez នាកីឡដ្ឋាន Emirates កាលពីថ្ងៃសោរ៍។

វាគឺជាការឆ្លើយតបដ៏ល្អមួយទៅកាន់ក្រុមអ្នករិះគន់ ដែលបានលើកឡើងថា Arsenal នឹងត្រូវមានជោគវាសនាជួបរដូវកាលដ៏ខកចិត្តមួយផ្សេងទៀត ក្រោយពីការរងបរាជ័យយ៉ាងអាម៉ាស់ក្រោមស្នាដៃក្រុម Manchester City នៅមុនពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ។ លទ្ធផលនេះ បានកើតឡើងចំពេលដ៏ល្អ ស្របពេលដែលអ្នកគាំទ្ររបស់ក្រុម Tottenham កំពុងតែគិតថា មហាអំណាចក្នុងទីក្រុងឡុងដ៍ភាគខាងជើង បានផ្លាស់ប្តូរ ក្រោយពីក្រុម Spurs បានបញ្ចប់ក្នុងចំណាត់ថ្នាក់ពីលើក្រុមរបស់លោក Wenger កាលពីរដូវកាលមុន ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩៥។

ខ្សែការពារស្លាបស្តាំ Bellerin ជឿជាក់ថា ការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ Arsenal ដែលធ្វើឲ្យក្រុមរបស់គេដេញតាមពីក្រោយក្រុម Tottenham តែ ១ពិន្ទុ បង្ហាញថា ពួកគេមានសមត្ថភាពក្នុងការជួបរដូវកាលដ៏ជោគជ័យមួយ។ Bellerin បានប្រាប់គេហទំព័ររបស់ Arsenal ថា៖ «មានការរិះគន់ជាច្រើន ប៉ុន្តែ ខ្ញុំគិតថា វាជាការប្រកួតមួយក្នុងចំណោមការប្រកួតដែលយើងបានបង្ហាញពីអ្វីដែលយើងអាចធ្វើបាន។ យើងបានបំបិទមាត់មនុស្សជាច្រើន។ មានមនុស្សជាច្រើននិយាយរិះគន់ ហើយបច្ចុប្បន្ន ក្រោយពីបានទស្សនាការប្រកួតនោះ ពួកគេនឹងគិតថា កីឡាករទាំងនេះមានឱកាសមួយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia