លោក David Moyes បានជួបការចាប់ផ្តើមយ៉ាងខកចិត្តក្នុងរជ្ជកាលរបស់លោកក្នុងក្លិប West Ham United ខណៈដែលក្រុម Watford បានកត់ត្រាជ័យជម្នះយ៉ាងងាយក្នុងលទ្ធផល ២-០ លើក្រុមកំពុងតែត្រដាបត្រដួសក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។ លោក Moyes បានដឹងនាំក្រុម West Ham ជាលើកទី១ ក្រោយពីការតែងតាំងរបស់លោកក្នុងនាមជាគ្រូបង្វឹកជំនួសកន្លែងរបស់លោក Slaven Bilic។ ប៉ុន្តែ អតីតអ្នកចាត់ការទូទៅរបស់ក្លិប Manchester United រូបនេះ មិនអាចបង្កើតឲ្យមានការភ្ញាក់ផ្អើលភ្លាមៗឡើយ ក្នុងក្លិបថ្មីរបស់លោក។

ខ្សែបម្រើ Will Hughes បានជួយឲ្យក្រុម Watford មានគ្រាប់បាល់នាំមុខមុនក្នុងតង់ទី១ នាកីឡដ្ឋាន Vicarage Road ហើយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Richarlison នៅតង់ទី២ បានធ្វើឲ្យក្រុម West Ham បន្តការមិនស្គាល់ឈ្នះរហូតដល់ទៅ ៥ប្រកួត។ ក្រុមញញួរធំមួយនេះ នៅតែស្ថិតក្នុងតំបន់កាត់ចោលនៃតារាងក្របខ័ណ្ឌ Premier League ដោយដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់មានសុវត្ថិភាពចំនួន ១ពិន្ទុ ក្រោយពីលោក Moyes បានចាប់ផ្តើមធ្វើការត្រួតពិនិត្យលើបញ្ហាផ្សេងៗដែលធ្វើឲ្យលោក Bilic បាត់បង់ការពាររបស់លោក។

បើទោះបីជួបពេលវេលាមិនជោគជ័យក្រោយពីដឹកនាំឲ្យក្រុម Sunderland ធ្លាក់ចេញពីក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនក៏ដោយ ប៉ុន្តែ លោក Moyes បានទទួលយកកិច្ចសន្យារយៈពេលខ្លី ជាមួយនឹងក្រុម West Ham។ លោក Moyes បានឲ្យដឹងថា៖ «ខ្ញុំតែងតែគិតថា នេះគឺជាការងារដ៏ធំមួយ។ កីឡាករឆ្នើមៗមួយចំនួន ដែលមានកេរិ៍ឈ្មោះ បានធ្វើឲ្យខ្ញុំខកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានគិតថា ពួកគេនឹងបង្ហាញខ្ញុំឲ្យបានច្រើនជាងនេះ។ ពួកគេត្រូវតែបង្ហាញខ្ញុំពីមូលហេតុដេលពួកគេបានទទួលកេរិ៍្តឈ្មោះទាំងនោះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia