Zlatan Ibrahimovic ជឿជាក់ថា ក្រុមបិសាចក្រហម Manchester United អាចដេញតាមទាន់ក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League គឺ Manchester City ក្រោយពីរូបគេ និង Paul Pogba បានវិលទៅចូលលេងវិញពីបញ្ហារបួសរយៈពេលវែង។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ បានចូលលេងក្នុងនាមជាកីឡាករបម្រុង ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Newcastle កាលពីថ្ងៃសៅរ៍ ដែលជាការចូលលេងជាលើកទី១របស់គេ ចាប់តាំងពីរងរបួសជង្គង់ កាលពីខែមេសា កន្លងទៅ។

ការវិលត្រឡប់របស់គេ បាននាំឲ្យមានការឆ្លើយតបយ៉ាងរំជួលចិត្តពីសំណាក់អ្នកចាត់ការទូទៅរបស់ក្រុម Man United លោក Jose Mourinho ដែលក៏បានធ្វើការស្វាគមន៍ចំពោះការវិលត្រឡប់ចូលលេងវិញផងដែរ របស់ខ្សែបម្រើឆ្នើម Pogba ដែលបានចូលលេងក្នុងជម្រើសដំបូងពេលប្រកួតជាមួយនឹងក្រុម Newcastle និងបានជួយឲ្យក្រុមខ្លួនរកគ្រាប់បាល់តាមស្មើ មុននឹងស៊ុតបាល់បញ្ចូលទីដោយខ្លួនឯង។

Ibrahimovic បាននិយាយថា៖ «ខ្ញុំគិតថា យើងអាចដេញតាមទាន់ក្រុម Man City តើហេតុអ្វីវាមិនអាចទៅរួច? យើងទាំងគ្នានៅទីនេះ ពីព្រោះយើងចង់ឈ្នះ ហើយយើងត្រូវតែឈ្នះ ពីព្រោះពួកគេកំពុងតែនាំមុខ»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំអាចនិយាយពីអ្វីដែល Paul ផ្តល់ឲ្យ គឺគុណភាពដ៏ធំមួយ។ នៅថ្ងៃនេះ វាហាក់បង្ហាញថា រូបគេមិនបានរងរបួសអស់រយៈពេលមួយខែអ៊ីចឹង រូបគេបានបង្កើតឲ្យមានការប្រែប្រួលដ៏ធំមួយ ហើយខ្ញុំនាំយកបទពិសោធផ្ទាល់របស់ខ្ញុំ។ ខ្ញុំព្យាយាមជួយកីឡាករឲ្យបានតាមដែលអាច និងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia