ក្លិប Barcelona កំពុងតែមានផែនការថ្មីមួយទៀត ក្នុងការដេញថ្លៃទិញតារាងឆ្នើម Philippe Coutinho របស់ក្លិប Liverpool ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករា។ នេះបើយោងទៅតាមការសន្យារបស់លោក Oscar Grau ប្រធានប្រតិបត្តិរបស់ក្លិបមានមូលដ្ឋាននៅ Catalonia មួយនេះ កាលពីថ្ងៃពុធ។

ក្លិប Barcelona បានជួបការបរាជ័យចំពោះការព្យាយាមរបស់ពួកគេក្នុងការទិញខ្សែបម្រើឆ្នើម Coutinho ពីកីឡដ្ឋាន Anfield កាលពីរដូវក្តៅ ខណៈដែលក្លិបហង្សក្រហម Liverpool បានទាមទារតម្លៃខ្លួន ២០០លានអឺរ៉ូ (ស្មើនឹង ២៣៨លានដុល្លារអាមេរិក) សម្រាប់តារាឆ្នើមរូបនេះ។ បើទោះបីកីឡាកររូបនេះ ព្យាយាមជំរុញឲ្យមានការផ្ទេរក៏ដោយ ប៉ុន្តែក្លិប Liverpool បានច្រានចោលសំណើសុំផ្ទេររបស់គេ អំឡុងពេលបិទទីផ្សារដោះដូរកីឡាករ។

ប៉ុន្តែ លោក Grau បានបញ្ជាក់ថា ក្លិបយក្សរបស់អេស្ប៉ាញមួយនេះ នឹងមិនបោះបង់ការប្រមាញ់ទិញរបស់ខ្លួនឡើយ។ លោកបានប្រាប់សន្និសិទសារព័ត៌មានមួយថា៖ «យើងត្រៀមលក្ខខណ្ឌរួចរាល់ក្នុងការចុះហត្ថលេខាជាមួយនឹង Coutinho ឬកីឡាករផ្សេងទៀត អំឡុងពេលបើកទីផ្សារដោះដូរកីឡាករ»។ ក្រោយពីបានប្រកាសពីប្រាក់ចំណូលជាកំណត់ត្រារបស់ក្លិបនេះចំនួន ៧០៨លានអឺរ៉ូ (ស្មើនឹង ៨១២,៨លានដុល្លារអាមេរិក) សម្រាប់រដូវកាលឆ្នាំ២០១៦-២០១៧ រួមជាមួយនឹងប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធចំនួន ១៨លានអឺរ៉ូទៀត នាយកប្រតិបត្តិរូបនេះបានប្រាប់បន្តថា៖ «យើងមានទឹកប្រាក់»។

លោក Grau បានបន្ថែមទៀតថា៖ «រឿងដ៏សំខាន់បំផុតគឺតម្រូវការពីផ្នែកចាត់ការទូទៅ ហើយយើងនឹងធ្វើរាល់អ្វីៗទាំងអស់ដែលអាចទៅរួចដើម្បីបំពេញតម្រូវការពួកគេ។ យើងចង់មានក្រុមប្រកបដោយការប្រកួតប្រជែងបំផុតតាមដែលអាច»