ក្រុម Borussia Dortmund បានសម្រេចចិត្តដកការដាក់ពិន័យព្យួរទៅលើ Pierre-Emerick Aubameyang ដើម្បីអនុញ្ញាតឲ្យខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេប៉ះជាមួយនឹងក្រុម Tottenham Hotspur ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។

លោកគ្រូបង្វឹក Peter Bosz របស់ Dortmund បានប្រកាសថា Aubameyang នឹងវិលទៅកាន់ក្រុមរបស់ខ្លួនវិញ ក្រោយពីត្រូវបានដាក់ពិន័យព្យួរសម្រាប់ការទៅហ្វឹកហាត់យឺត និងសម្រាប់ការថតរូបភាពវីដេអូដែលគ្មានការអនុញ្ញាតនៅឯទីលានហ្វឹកហាត់របស់ក្លិប។ លោក Bosz បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «Aubameyang នឹងលេង។ ខ្ញុំបាននិយាយទៅកាន់រូបគេ ក្រោយពីការប្រកួតជាមួយនឹងក្រុម Stuttgart ហើយរូបគេបានហ្វឹកហាត់ជាមួយនឹងយើងនៅថ្ងៃនេះ។ យើងបានជម្រះបញ្ហានេះរួចរាល់ហើយ ហើយសម្រាប់ខ្ញុំ វាចប់ទៅហើយ»។

ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះ ត្រូវបានលុបឈ្មោះចេញពីក្រុមក្នុងពេលពួកគេរងបរាជ័យ ២-១ នៅលើទឹកដីក្រុម Stuttgart កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យក្រុម Dortmund ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៥ នៅលើតារាងក្របខ័ណ្ឌ Bundesliga។ Aubameyang ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុននោះ ក៏កំពុងតែធ្លាក់ចុះទម្រង់លេងផងដែរ។ រូបគេបានស៊ុតបាល់បញ្ចូលទី ១៥គ្រាប់ក្នុងរដូវកាលមកទល់ពេលនេះ ប៉ុន្តែ មិនបានរកគ្រាប់បាល់បញ្ចូលទីសោះក្នុងចំណោមការបង្ហាញខ្លួនចំនួន ៥លើកចុងក្រោយរបស់គេ ខណៈដែលគ្រាប់បាល់ចុងក្រោយរបស់គេបានកើតឡើងតាំងពីថ្ងៃទី១៤ ខែតុលា មកម្ល៉េះ។

Dortmund បច្ចុប្បន្នកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពូល H ដោយមានត្រឹមតែ ២ពិន្ទុគត់ ពីការប្រកួត ៤លើក ហើយនិងត្រូវតែផ្តួលក្រុម Spurs និងសង្ឃឹមថា Real Madrid មិនអាចយកឈ្នះលើទឹកដីក្រុម APOEL ដើម្បីរក្សាក្តីសង្ឃឹមរបស់ខ្លួនក្នុងការឈានទៅវគ្គ ១៦ក្រុមចុងក្រោយ។ Spurs មានសុវត្ថិភាពក្នុងការឈានទៅវគ្គបន្តរួចជាស្រេច ក្រោយពីយកឈ្នះ ៣លើក និងស្មើ ១លើក ក្នុងនោះរាប់បញ្ចូលទាំងការផ្តួលក្រុម Dortmund ៣-១ កាលពីថ្ងៃបើកឆាកនៃពូលនេះផងដែរ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕