លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានបញ្ជាក់ថា រូបលោកនៅតែមានសុទិដ្និនិយម ខណៈដែលក្រុមយក្សរបស់អេស្ប៉ាញមួយនេះ នឹងសម្លឹងរកការបំភ្លេចចោលនូវការធ្លាក់ចុះទម្រង់លេងក្នុងក្របខ័ណ្ឌ La Liga តាមរយៈការកក់កៅអីរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ។

ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុបពីររដូវកាលជាប់ៗគ្នាមួយនេះ នឹងឈ្នះកៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ខណៈដែលនៅសល់ ១ប្រកួតទៀតក្នុងពូល H តាមរយៈការផ្តួលក្រុម APOEL ក្នុងប្រទេសស៊ើបនៅរាត្រីថ្ងៃអង្គារនេះ។ ប៉ុន្តែ ពួកគេបានធ្វើដំណើរទៅកាន់តំបន់ភាគខាងកើតនៃសមុទ្រមេឌីទែរណេ ក្រោយពីបានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Atletico កាលពីថ្ងៃសៅរ៍ ដែលបានធ្វើឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាង La Liga ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ Barcelona ដល់ទៅ១០ពិន្ទុ ក្រោយពីការប្រកួតត្រឹមតែ១២លើក។
ពួកគេបានកត់ត្រាជ័យជម្នះត្រឹមតែ១លើកគត់ក្នុងចំណោមការប្រកួត៤លើកចុងក្រោយរបស់ពួកគេ និងទើបតែចាញ់ក្រុម Tottenham Hotspur ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតកាលពីជុំមុននៃក្របខ័ណ្ឌ Champions League របស់ពួកគេក្នុងពូលដូចគ្នានេះ។

វាគឺជាវិបត្តិជាលើកទី១ក្រោមការដឹកនាំរបស់លោក Zidane ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានច្រានចោលនូវសម្ពាធផ្សេងៗ។ លោកបានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុង Nicosia នៅមុនពេលការប្រកួតនៅរាត្រីនេះថា៖ «ខ្ញុំពិតជាមានសំណាងណាស់ពោលគឺដោយសាតែខ្ញុំមានសុខភាពល្អ និងទី២ ក្នុងការស្ថិតក្នុងការងារដែលខ្ញុំចូលចិត្តជាងគេ។ ខ្ញុំចូលចិត្តអ្វីដែលខ្ញុំធ្វើ។ មានការងារលំបាកៗជាច្រើន។ ប៉ុន្តែ ទោះបីមានអ្វីកើតឡើង ខ្ញុំនៅតែមានសុទិដ្ឋិនិយម»។ ក្រុម Real Madrid បានផ្តួលក្រុម APOEL លើទឹកដីខ្លួនឯងក្នុងលទ្ធផល ៣-០ កាលពីខែកញ្ញា។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sports