លោក Tony Pulis ត្រូវបានបណ្តេញចេញក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម West Bromwich Albion ក្រោយពីការកាន់តំណែងជិត ៣ឆ្នាំ បន្ទាប់ពីទទួលបានលទ្ធផលមិនល្អជាបន្តបន្ទាប់។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃចន្ទ។

លោក Pulis វ័យ៥៩ឆ្នាំ ដែលជាអ្នកចាត់ការទូទៅម្នាក់ក្នុងចំណោមអ្នកចាត់ការទូទៅមានបទពិសោធច្រើនបំផុតក្នុងក្របខ័ណ្ឌ Premier League នោះ បានរងការបណ្តេញចេញដោយសារតែ West Brom ត្រឹមតែអាចនាំមុខ ១ពិន្ទុគត់លើក្រុមស្ថិតក្នុងតំបន់កាត់ចោល។ លោក Gary Megson ដែលជាគ្រូបង្វឹកជំនួយ និងជាអតីតអ្នកចាត់ការទូទៅរបស់ក្លិបនេះក្នុងចន្លោះឆ្នាំ២០០០ និង ២០០៤នោះ នឹងចូលកាន់តំណែងជំនួសក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។ ការរងបរាជ័យយ៉ាងអាម៉ាសលើទឹកដីខ្លួនឯងក្នុងលទ្ធផល ៤-០ ក្រោមស្នាដៃរបស់ក្រុមម្ចាស់ការពារតំណែងជើងឯក Chelsea បានក្លាយជាចំណុចកាត់សេចក្តីសម្រាប់ម្ចាស់ក្លិប West Brom សញ្ជាតិចិនលោក Guochuan Lai ដែលរក្សាការអត់ធ្មត់យ៉ាងខ្លាំងចំពោះលទ្ធផលដ៏ខកចិត្តរបស់ពួកគេ។

West Brom បានកត់ត្រាជ័យជម្នះក្នុងការប្រកួត ៣លើកដំបូងរបស់ពួកគេនៅរដូវកាលនេះ ក្នុងរាល់យុទ្ធនាការទាំងអស់ ប៉ុន្តែ ការទទួលជ័យជម្នះរបស់ពួកគេលើក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៤ Accrington Stanley ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតពាន League Cup កាលពីខែសីហា គឺជាជ័យជម្នះលើកចុងរបស់ពួកគេ។ សូម្បីតែលោក Pulis ក៏បានបញ្ជាក់ផងដែរ លោកនឹងមិនមានការភ្ញាក់ផ្អើលឡើយ ប្រសិនបើលោកត្រូវបានបណ្តេញចេញនោះ។ ក្លិប West Brom កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១៧ នៅលើតារាង ដោយមាន១០ពិន្តុពីការប្រកួត១២លើក ក្រោយពីចាញ់៦លើកក្នុងចំណោមការប្រកួតទាំង១២លើករបស់ពួកគេ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia